• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤០ ព្រឹក

ទេសចរកម្ពុជា ជិត ១លាននាក់ បានចេញកម្សាន្តក្រៅប្រទេស នៅឆ្នាំ ២០២២ កើនឡើងជាង ៣.០០០%

ទេសចរកម្ពុជា ប្រមាណជាង ៩៧ម៉ឺននាក់ បានធ្វើដំណើរចេញក្រៅប្រទេស នៅឆ្នាំ ២០២២ កើនឡើង ៣០៧៩,៥ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ដែលកាលនោះមានប្រមាណតែជាង ៣០ម៉ឺននាក់ប៉ុណ្ណោះ។ នេះយោងតាមទិន្ន័យរបស់ក្រសួងទេសចរណ៍។  

ការកើនឡើងខ្លាំងនៃចំនួនប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរចេញទៅក្រៅប្រទេសនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនៅខែវិច្ឆិកាឆ្នាំ ២០២១ ក្នុងពេលដែលរាជរដ្ឋាភិបាលទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ស្ថានភាពការរាត្បាតសកលក៏មានការធូរស្រាលផងដែរ។  

ការធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសរបស់ពលរដ្ឋកម្ពុជា គឺបានថយចុះខ្លាំង ក្នុងអំឡុងពេលជំងឺកូវីដ-១៩ មានការរាតត្បាតខ្លាំងនៅទូទាំងពិភពលោក នៅឆ្នាំ ២០២០ និងឆ្នាំ ២០២១។ ដោយក្នុងនោះ ប្រជាពលរដ្ឋខ្មែរចេញក្រៅប្រទេស មានប្រមាណជាង ៣២ម៉ឺននាក់ នៅក្នុងឆ្នាំ ២០២០ និងចំនួនជាង ៣០ម៉ឺននាក់ នៅក្នុងឆ្នាំ ២០២១។   ភាគច្រើនចំនួនប្រជាជនកម្ពុជាចេញដំណើរទៅប្រទេស ក្នុងតំបន់ ដែលមានដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េ និងជប៉ុន ជាដើម។ ចំណែកឯគោលបំណងរបស់ពួកគេភាគច្រើន គឺទៅដើរកម្សាន្ត បំពេញការងារអាជីវកម្ម និងព្យាបាលជំងឺ។  

ទន្ទឹមនឹងនេះ ទិន្នន័យក្រសួងទេសចរណ៍ បានបង្ហាញផងដែរថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២ កម្ពុជា មានទេសចរផ្ទៃក្នុងដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រ ទេស ក្នុងនោះទេសចរផ្ទៃក្នុងជាតិ មានប្រមាណជាង ១៣,៩៣លាននាក់ និងទេសចរផ្ទៃក្នុងអន្តរជាតិ មានប្រមាណជាង ១,៨៧លាននាក់ កើនឡើង ១៩៨,៨ភាគរយ និង៥៧២,២ភាគរយ រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

 ចំណែកការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិរបស់កម្ពុជា នៅឆ្នាំ ២០២២ មានប្រមាណជាង ២,២៧លាននាក់ កើនឡើង ១០៥៨,៦ភាគរយ បើធៀបនឹងឆ្នាំ ២០២១៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ