• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៧ ព្រឹក

ចាប់ឆ្កែធ្វើម្ហូបក្លែមស្រា ឆ្កែខាំប្រកាច់បែកពពុះមាត់

ភ្នំពេញ÷បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានដើរទៅចាប់សត្វឆ្កែរបស់ខ្លួន បំណងកាប់ធ្វើម្ហូបតែបែរជាត្រូវសត្វឆ្កែនោះខាំវិញបណ្ដាលឲ្យប្រកាច់បែកពពុះមាត់ត្រូវបានក្រុមកងសង្គ្រោះ 711 ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង 10យប់ថ្ងៃទី 17 ខែមករាឆ្នាំ 2023 នៅភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។  ជនរងគ្រោះឈ្មោះ សាក់ ផាន់ណារ៉ា ភេទប្រុសអាយុ 22 ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះត្រូវសត្វឆ្កែខាំចំនួន3 ដងមកហើយតែមិនដែលបានទៅមន្ទីរពេទ្យចាក់ថ្នាំការពារម្ដងណាឡើយ រហូតមកដល់ថ្ងៃកើតហេតុបន្ទាប់ពីផឹកស្រាស្រវឹងនឹកខឹងសត្វឆ្កែរបស់ខ្លួនដែលធ្លាប់ខាំ ក៏ដើរទៅចាប់បំណងវាយសម្លាប់ហើយកាប់ធ្វើម្ហូបដើម្បីក្លែមស្រាបន្តទៀតតែបែរជាសត្វឆ្កែនោះខាំវិញបណ្ដាលឲ្យរបួសនិងប្រកាច់បែកពពុះមាត់តែម្ដងទៅ។

ប្រភពដដែលបន្តថាភ្លាមនោះប្រជាពលរដ្ឋក៏នាំគ្នាដេញវាយសម្រាប់សត្វឆ្កែនោះចៀសវាងដើរខាំអ្នកភូមិតទៀតហើយក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងស្នើសុំរដ្ឋយន្តក្រុមកងសង្គ្រោះ 711 នៃកងពលតូចលេខ 70 មកដឹកជញ្ជូនជនរងគ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ