• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៨ ល្ងាច

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលអគារដល់អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលអគារស្នាក់នៅ និងអគារធ្វើការដល់អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ដែលស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានជម្រាបជូនអង្គពិធីអំពីទីតាំងថ្មី ត្រូវបានសង់ឡើងនៅលើដីដែល ដែលមានផ្ទៃក្រឡាសរុបចំនួន ១៩​ ៩៤៧ ម៉ែត្រក្រឡា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានានៃអគារនិងទីតាំងប្រើប្រាស់ចាំបាច់មានចំនួន១៦ ប្រភេទ មានទំហំសរុបចំនួន ១ពាន់៧០៨ ម៉ែត្រក្រឡាដែលសាងសង់ដោយក្រុមហ៊ុន ប៊ី ប៊ី្រលលាន ប៊ីលឌើរ ដែលសាងសង់អស់រយៈពេល២៤ខែដែលប្រេីប្រាស់ថវិកាបានមកពីមូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ ឆ្នាំ២០១៨នៃអាជ្ញាធរជាតិអប្សរា។

សំណង់នេះ គឺជាសមិទ្ធផលសំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និង អង្គភាពនគរបាលការពារបេតិកភណ្ឌ ក្រោមការគាំទ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរដែនដីខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាពសំដៅ កែលម្អឡើងវិញនិងពង្រីក ទេសភាពបៃតងដើម្បីលើកតម្លៃបន្ថែមដល់ភាពលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។

សម្តេចក្រឡាហោមក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនជូនអាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ និង អាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងប្រសិទ្ធភាព និង ភាពរលូននៃកិច្ចសហការការងារ មួយចំនួន គឺ ត្រូវបន្តសហការជិតស្និទ្ធ ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សា ការពារបេតិកភណ្ឌជាតិ ក្នុងរមណីយដ្ឋានអង្គរ និងខេត្តសៀមរាប ជាពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការឱ្យបានជាដាច់ខាត ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចលាក់ ប្លន់ ការទិញ លក់ និងការដឹកជញ្ជូនបេតិកភណ្ឌសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្តដែលជាភារកិច្ចចម្បងរបស់ខ្លួន។

អង្គភាពនគរបាលការពារបេតិកភណ្ឌត្រូវពិនិត្យ រៀបចំកំណត់ទីតាំងឈរជើងការពារ​ អាទិភាពជាថ្មី និងការចល័តយាមល្បាតជាអចិន្ត្រៃយ៍ ជាពិសេសនៅពេលយប់ តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។ ត្រូវបង្កើនការអប់រំពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិសំដៅបង្ការ និងកាត់បន្ថយឱ្យបានដាច់ខាតនូវអំពើអនាធិបតេយ្យនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ផ្សេងៗទៀត តាមរយៈការអនុវត្តនូវវិន័យច្បាស់លាស់ព្រមទាំងវិធានការច្បាប់នានាប្រកបដោយតម្លាភាព និងយុត្តិធម៌ជាដាច់ខាត និង ត្រូវបន្តពង្រឹងកិច្ចសហការជាមួយកម្លាំងមាន សមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ និងរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខភ្ញៀវជាតិ និងអន្តរជាតិ ដែលមកបំពេញបេសកកម្ម ធ្វើទស្សនកិច្ច ឬធ្វើទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ សៀមរាប និងតំបន់ផ្សេងៗ ។ 

ក្នុងឱកាសនោះ  សម្តេចក្រឡាហោម ស ខេង បានផ្តល់ជាអំណោយដល់កម្លាំងនគរបាល ការពារបេតិកភណ្ឌ នូវប៉ុស្តិ៍យាមប្រចាំការតាមគោលដៅចំនួន១០  ទោចក្រយានយន្តចំនួន២០គ្រឿង សម្រាប់កងកម្លាំងជិះល្បាតក្នុងតំបន់អង្គរ ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់ជាអំណោយនូវ ទោចក្រយាន ចំនួន៥០គ្រឿង និងអាវយឺត ចំនួន៥០០អាវ សម្រាប់កងកម្លាំងជិះល្បាតក្នុងតំបន់អង្គរនោះផងដែរ ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ