• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៧ ល្ងាច

កម្ពុជានិងម៉ាល់ឌីវ ប្ដេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

ចាប់ពីថ្ងទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយប្រតិភូជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការប្រទេសម៉ាល់ឌីវ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដោយបានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗជាច្រើនក្នុងនោះ ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល៣០ថ្ងៃ ហើយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ។

ក្នុងសន្និសីទសារព័ត៌មាននេះ សម្តេចតេជោបានប្រកាសថានឹងជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តមាត់សមុទ្រ ដាក់ជាឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយ នឹងរកពេលវេលាសមស្របណាមួយដើម្បីសម្ពោធរួមគ្នាតែម្ដង។ សម្តេចតេជោក៏បានស្នើឱ្យមានការពង្រីកវិសាលភាពវិស័យវប្បធម៌រវាងកម្ពុជា-ម៉ាល់ឌីវ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងអំពីការផ្តល់អាហារូករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ ទទួលបាននូវការសិក្សាចំណេះដឹងផ្សេងៗរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានលើកឡើងថាប្រទេសម៉ាល់ឌីវជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ហើយសម្តេចចង់ឱ្យតំបន់តារាសាគររបស់ប្រទេសកម្ពុជា អភិវឌ្ឍដូចមាត់សមុទ្រម៉ាល់ឌីវ ដែរ។

ក្នុងសន្និសីទសារព័ត៌មាននេះ សម្តេចតេជោ សង្ឃឹមថា អង្ករកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៥ឆ្នាំ និងកំពុងឈរលេខ១ នឹងទទួលបានការពេញនិយមពីប្រជាជនម៉ាល់ឌីវ និងភ្ញៀវទេសចរក្នុងប្រទេសនេះ។ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើងថា ផលិតផលត្រីរបស់ម៉ាល់ឌីវ ក៏អាចនាំទៅកាន់ប្រទេសកម្ពុជាផងដែរ ជាពិសេសសម្រាប់ត្រីខកំប៉ុងដែលកម្ពុជាត្រូវការច្រើនបំផុតក្នុងមួយឆ្នាំៗ។

សម្តេចតេជោសង្ឃឹមថា ម៉ាល់ឌីវ ក៏នឹងគាំទ្រកម្ពុជា ក្នុងការក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការ OIC នៅពេលខាងមុខ។

គួរឲ្យដឹងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន០៦ រួមមាន៖

១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។

២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

៣-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

៤-អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យទេសចរណ៍។

៥-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃសាធារណ- រដ្ឋម៉ាល់ឌីវ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។

៦-អនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជ- កម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ