• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៩ ល្ងាច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសភាពាណិជ្ជកម្មកម្ពុជា ពង្រីកសកម្មភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍គន្លឹះ ដល់សភាពាណិជ្ជកម្មកម្ពុជា​ជាប់​អាណត្តិថ្មី ខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុនបន្ថែម និងការពិនិត្យ​លទ្ធភាពបង្កើតសភាពាណិជ្ជកម្ម​ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការ​លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបិទការបោះឆ្នោតជ្រើសរើស​សមាជិក​ជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ​អាណត្តិទី៤ លើកទី២ ​និងសភាពាណិជ្ជកម្មកម្ពុជា​អាណត្តិទី ៥ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ នេះថា បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្ម​កម្ពុជា​ ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់​សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើធុរកិច្ចក្នុង​ប្រទេស ​និងការទាក់ទាញវិនិយោគគិនពីក្រៅប្រទេស។

ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា ​ដើម្បីចូលរួមក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងាររបស់​សភាពាណិជ្ជកម្មកម្ពុជា​ និងសភាពពាណិជ្ជកម្មរាជធានី-ខេត្ត​ ឱ្យកាន់តែល្អប្រសើ​ ត្រូវខិតខំស្វែងរក និង​ទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុន​នៅកម្ពុជាឲ្យបានកាន់តែច្រើន, សហការជាមួយ​ក្រសួងពាណិជ្ជកម្ម ​ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅ​តាមតំបន់ ឬប្រទេសណាមួយ ​ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន ​ដើម្បីសម្រួល​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​នៅក្រៅប្រទេស ​ក៏ដូចជាសម្រួលដល់ការនាំចេញផលិតផលពីកម្ពុជា។

សភាពាណិជ្ជកម្ម ​គួរបន្តការសហការយ៉ាង​ជិតស្និទ្ធ​ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​ដែនដី, ពង្រឹង ​និង​អភិវឌ្ឍន៍​សមត្ថភាពដល់សភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្តទាំង ១៨ ដើម្បី​ឆ្លើយតប​ទៅនឹងតម្រូវការវិនិយោគ ​និង​ស្រប​ទៅ​តាម​បរិបទ​បច្ចេកវិទ្យា ៤.0, និងបន្តចូលរួម​សហការ​ រៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ​ស្ដីពីការលើកកម្ពស់ផលិតកម្មទំនិញ ផលិតកម្មក​សិផល ​សម្រាប់ការនាំចេញតាមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ក្នុងពិធីនេះ, អ្នកឧកញ៉ា គិត ម៉េង ដែលជាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ​សម្រាប់អាណត្តិថ្មី ​បានថ្លែងនូវការប្តេជ្ញាចិត្ត នឹង​ខិតខំ​ប្រឹងប្រែង​ពង្រីក ​និងពង្រឹងការងារឲ្យកាន់តែល្អប្រសើរថែមទៀត និងការដោះស្រាយ​ការងាររាំងស្ទុះ នូវរាល់ចំណុចដែលខ្វះខាតផ្សេងៗ ​ដើម្បីស្វែងរកអ្វីដែលជាប្រយោជន៍សម្រាប់វិស័យឯកជន និងសម្រាប់ប្រទេសជាតិ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ