• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១១ ព្រឹក

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធរ ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចណា ដែលធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលធ្វើសកម្មភាពបោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជាសកម្មភាពប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន»។

ការលើកឡើងដូច្នេះឱកាស សម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់សហការជាមួយភាគីពាក់ព័ន្ធក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ការជួញដូរមនុស្សគ្រប់ទម្រង់ ការផលិត និងចែកចាយគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទជាដើម។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាព ដោយសេរី និងគ្មានការរឹតត្បិតស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងពេលនៃដំណើរការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

សម្ដេចក្រឡាហោម បន្ដលើកឡើងថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋបាល រាជធានី-ខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានយ៉ាងហោចណាស់ចំនួន២ដង ក្នុង១ឆ្នាំ តាមការកំណត់ក្នុងស្មារតី នៃសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ