• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៩ ល្ងាច

រយៈពេល 1 ឆ្នាំ 2022 កម្ពុជានាំទំនិញចេញជាង 22 ពាន់លានដុល្លារកើនឡើងជាង 16%

ភ្នំពេញ÷រយៈពេលពេញ1ឆ្នាំ 2022 កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជាង 22 ពាន់លានដុល្លារកើនឡើង 16.4%បើធៀបនឹងរយ:ដូចគ្នាកាលពីឆ្នាំ 2021 ។នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផ្សព្វផ្សាយនៅថ្ងៃទី10ខែមករាឆ្នាំ2023នេះ។ ទិន្នន័យដដែលនេះបានបញ្ជាក់ថាពីខែមករាដល់ខែធ្នូឆ្នាំ 2022 កម្ពុជានាំចេញទំនិញក្នុងតម្លៃ 22 482 លានដុល្លារកើនឡើង16.4%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃ19308លានដុល្លារ។

ទន្ទឹមគ្នានេះកម្ពុជាបាននាំចូលទំនិញមកវិញក្នុងតម្លៃ29941លានដុល្លារកើនឡើង 4.3% ដែលធ្វើឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជានិងទីផ្សារអន្តរជាតិកើនឡើង 52424 លានដុល្លារកើនឡើង 9.2%។ អាមេរិកគឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាងគេដោយសម្រេចបានជិត 9 លានដុល្លារខណៈវៀតណាមស្ថិតនៅលំដាប់ទី 2 ដែលកម្ពុជាបានចេញទំនិញក្នុងតម្លៃជាង 2ពាន់លានដុល្លារនិងនាំចេញទៅចិនក្នុងតម្លៃជាង 1200 លានដុល្លាររួមនឹងបណ្ដាប្រទេសដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងដែរថាកាលពីឆ្នាំ 2022 កម្ពុជាបាននាំចេញសម្លៀកបំពាក់ក្នុងតម្លៃជាង9ពាន់លានដុល្លារ,ម៉ាស៊ីននិងឧបករណ៍អគ្គិសនីតម្លៃជិត 2ពាន់លានដុល្លារកើនឡើង84.8%គ្រាប់ធញ្ញ ជាតិចំនួនជាង1200លានដុល្លារថយចុះ3.7%និងស្បែកជើងចំនួន1700លានដុល្លារកើនឡើង24.8%។

លោក ប៉ែន សុខវិជ្ជា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងកាលពីពេលថ្មីៗនេះថាតាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់(RCEP)និងកិច្ចព្រមព្រៀងពា ណិជ្ជកម្មសេរីកម្ពុជាចិន(CCFTA)ដែលបានចូលជាធរ មាននៅថ្ងៃទី 1 ខែមករាឆ្នាំ 2022 បានធ្វើឲ្យកំណើននៃការនាំចេញរបស់កម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ខណៈកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េដែលទើបតែចូលជាធរមានកាលពីដើមខែធ្នូឆ្នាំ 2022 នោះបានជំរុញទំហំនៃការនាំចេញរបស់កម្ពុជាទៅកូរ៉េនូវទំនិញដូចជាសម្លៀកបំពាក់ស្បែកជើង,កង់,ផលិតផលសម្រាប់ដំណើរការជាដើមដែលត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។

លោករដ្ឋលេខាធិការរំពឹងថាកិច្ចព្រមព្រៀងទាំងបីនេះនឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈការពង្រីកនូវការផលិតកម្មទាក់ទាញវិនិយោគិននិងជំរុញការនាំចេញទំនិញនៅក្នុងឆ្នាំក្រោយឲ្យកើនឡើងបន្ថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ