• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣០ ល្ងាច

ក្រុមហ៊ុនធំៗ ៩ សហការជាមួយទីភ្នាក់ងារជាតិ ប្រកាសជ្រើសរើសបុគ្គលិកជិត ១ពាន់កន្លែង នៅថ្ងៃទី១២ ខែមករា

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារប្រចាំខែ ដែលមានក្រុមហ៊ុនធំៗចូលរួម ដោយនាំយកនូវឱកាសការងារចំនួន ៨៨៤ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។

វេទិកាការងារប្រចាំខែនេះ នឹងត្រូវរៀបចំ ឡើងមួយថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិត នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយក ប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

វេទិកាការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាស ការងារសម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook.com/neakhmer (អិនអ៊ីអេ ខ្មែរ)៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ