• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៩ ព្រឹក

ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ សម្រេចបាន ១៤៨១តោន ដែលបរិមាណនេះ កើនឡើងប្រមាណ ៤០ភាគរយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតមកដល់ថ្ងៃនេះ សម្រេចបានបរិមាណ ១៤៨១តោន។ បរិមាណនេះ កើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដោយតីនារដូវ នេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចេញនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។   ក្រសួងកសិកម្ម បានឱ្យដឹងបន្ថែមថា ប្រភេទត្រីដែលនេសាទបានពីដាយត្រីក្នុងរដូវនេសាទនេះ រួមមាន៖ ត្រីរៀល ៤៥% ស្លឹកឫស្សី ៣០% ខ្នងវែង ៥% ត្រីកញ្ជ្រក ៣% ត្រីច្រកែង ២% ត្រីឈិត ៥% និងត្រីចម្រុះ ១០%។ ចំណែកប្រជាពលរដ្ឋដែល អញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ ៨ ០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩០% មកពីបណ្តាខេត្តផ្សេងៗ។  

ក្រសួងកសិកម្ម បានលើកឡើងបន្ថែមទៀតថា កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុង ធម្មជាតិមានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផល និងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពងក្នុងអំឡុង ឆ្នាំ២០២២កន្លងទៅ។

នៅពេលដែលផលត្រីកើនឡើង ប្រជានេសាទ និងប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន អាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីក និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។   ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា នឹងបន្តរកតុល្យភាពរវាងអភិរក្ស និងអភិវឌ្ឍមិនត្រឹមតែនៅ បឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ។ទន្លេសាប ជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ។ ការរក្សាតំបន់ទាំងពីរនេះកុំឱ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលត្រីពោរពេញផ្ទៃប្រទេស។  

បន្ថែមពីលើការទប់ស្កាត់បទល្មើសនេសាទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រសួងកសិកម្ម សូមស្វាគមន៍ និងលើកទឹកចិត្តដល់សហគមន៍នេសាទ ក៏ដូចជាប្រជានេសាទទាំងអស់ឱ្យគោរពច្បាប់នេសាទ ដើម្បីរក្សា ធនធានជលផលឱ្យបានយូរអង្វែង។ ចំណែកឯអ្នកប្រព្រឹត្តល្មើស ត្រូវប្រឈមនឹងទោសទណ្ឌជាធរមាន។  

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទល្មើសជាក់ស្ដែង និងបទល្មើសទាំងឡាយណាដែលមានភស្តុតាងនិងកំណត់អត្តសញ្ញាណនៃជនដែលបានប្រព្រឹត្តបទល្មើស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ