• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៧ ព្រឹក

ក្រសួងបរិស្ថាននិងក្រសួងសុខាភិបាលបានសហការគ្នាយ៉ាងស្អិតល្មួតដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍មូលដ្ឋាននិងតំបន់ការពារធម្មជាតិ

ខេត្តព្រះសីហនុ÷តាមប្រភពព័ត៌មានពីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី 3 ខែមករាឆ្នាំ 2023 បានឲ្យដឹងថា÷លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ លុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន នៃក្រសួងបរិស្ថានកាលពីរសៀល ថ្ងៃទី3 ខែមករា នេះបានដឹកនាំក្រុមការងារ លុបបំបាត់ជំងឺគ្រុនចាញ់ និងក្រុមការងារស្ត្រី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកជូន មុងជ្រលក់ថ្នាំ ដល់ប្រជាសហគមន៍ ក្នុងឃុំ ចំនួន 3 រួមមាន ឃុំទឹកថ្លា,ឃុំទឹកល្អក់,និងឃុំសាមគ្គី ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ,លោក ខៀវបូរិនអគ្គនាយក នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន,មន្ទីរសុខាភិបាលខេត្ត,មន្ទីរកិច្ចការនារីខេត្ត,មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋានសរុបចំនួន 127ដែលប្រព្រឹត្តទៅនៅក្នុងឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុ។

លោកស្រី រដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រសួងបរិស្ថាននិងក្រសួងសុខាភិបាល បានសហការគ្នាយ៉ាងស្អិតល្មួត ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍ មូលដ្ឋាន និងតំបន់ការពារធម្មជាតិ ឲ្យបានសម្រេចនៅឆ្នាំ 2025 ស្របតាមផែនការយុទ្ធសាស្ត្រ ជាតិលុបបំបាត់ ជំងឺគ្រុនចាញ់ឆ្នាំ 2021-2025 ។ក្នុងនោះខេត្តគោលដៅចំនួន 6 ដែលនៅមានអត្រាឆ្លងជំងឺគ្រុនចាញ់នៅឡើយរួមមាន÷ខេត្តកំពង់ស្ពឺ,មណ្ឌលគិរី,រតនគិរី,ស្ទឹងត្រែង,ព្រះវិហារនិងក្រចេះត្រូវបានយកចិត្តទុកដាក់ជាពិសេស។

ដោយឡែក ទោះបីខេត្តព្រះសីហនុអាចគ្រប់គ្រង ការឆ្លងជំងឺគ្រុនចាញ់បាន ប៉ុន្តែថ្មីៗនេះ អត្រាឆ្លងជំងឺគ្រុនឈាមបានកើតឡើងគួរឲ្យព្រួយបារម្ភ ទើបក្រុមការងារក្រសួងបរិស្ថាន នៅតែបន្តផ្សព្វផ្សាយអំពីវិធានការ ស្ដីពីការពារ,បង្ការទប់ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ឲ្យបានគ្រប់ខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា។

ទន្ទឹមទាំងនេះ លោកស្រី បានផ្ដាំផ្ញើដល់ប្រជាសហគមន៍ ត្រូវតែសម្រាន្ត ក្នុងមុងជ្រលក់ថ្នាំ និងត្រូវមានអនាម័យថែរក្សាសុខភាព,បរិស្ថានល្អ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីចៀសផុតពីជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត និងបានចែកជូនមុងជ្រលក់ថ្នាំដល់ប្រជាសហគមន៍ចំនួន 100និងគ្រឿងបរិភោគរួមមានអង្ករ 1000 គីឡូមីម៉ាម៉ា100កេស និងថវិកាសរុបចំនួន 2 លានរៀល។

លោកស្រី និងប្រតិភូបានបន្តដំណើរចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋក្រីក្រ,ចាស់ជរា,ស្ត្រីមេម៉ាយដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន 10 គ្រួសារស្ថិតនៅក្នុងឃុំទឹកថ្លាដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ 10 គីឡូមីម៉ាម៉ាមួយកេសមុងជ្រលក់ថ្នាំចំនួន 1 និងថវិកា 2 ម៉ឺនរៀល៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ