• ច័ន្ទ ២៩ មេសា ២០២៤ ១២:១២ ល្ងាច

រដ្ឋមន្ត្រីក្រសួងការងារ ជូនដំណឹងដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល ឱ្យបញ្ចូនមន្ត្រីជាប់កិច្ចសន្យា ទៅចុះបញ្ជី និងបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ពីប.ស.ស

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំពុងប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ត្រូវបញ្ចូនមន្ត្រីជាប់កិច្ចសន្យាទាំងនោះទៅចុះបញ្ជី និងបង់ភាគទានទៅបេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) ដើម្បីឱ្យទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម ស្របតាមបទប្បញ្ញត្តិជាធរមាន។

នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា ក្រសួងបានសង្កេតឃើញនៅតាមបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាលសហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ដែលមិនមានការទទួលស្គាល់ពីក្រសួងមុខងារសាធារណៈ ហើយមន្ត្រីជាប់កិច្ចសន្យាទាំងនោះ ពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅឡើយ។

ចំពោះបែបបទ និងនីតិវិធីលម្អិតនៃការចុះបញ្ជី និងបង់ភាគទាន សូមក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការទំនាក់ទំនងទៅតាមបណ្តាសាខា ប.ស.ស. រាជធានី ខេត្ត/ខណ្ឌ ឬអាចទំនាក់ទំនងតាមរយៈ Hotline ១២៨៦ ឬទូរស័ព្ទលេខ ០២៣ ២៦០ ០០១/០២៣ ៨៨១ ០១៥៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ