• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥៤ ព្រឹក

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងពលរដ្ឋរីករាយការប្រមូលផលត្រីធ្វើប្រហុក ផ្អក

ខេត្តកណ្ដាល÷លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងប្រជានេសាទ ព្រមទាំងពលរដ្ឋ ដែលមកទិញត្រីសម្រាប់ធ្វើផ្អក,ប្រហុកនៅទីតាំងចំនួន 2 ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី 31 ខែធ្នូឆ្នាំ 2022 នេះ បានសម្ដែងក្តីរីករាយដែលការប្រមូលផលត្រី នៅក្នុងរដូវនេសាទឆ្នាំ 2022-2023 នេះកើនឡើងជាងឆ្នាំមុនរហូតដល់ 40%ខណៈតម្លៃវិញ ក៏សមរម្យដែលនាំឲ្យការធ្វើផ្អក,ប្រហុកនៅឆ្នាំនេះកើនឡើង។

ក្នុងឱកាសចុះពិនិត្យដាយត្រីនោះ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងបញ្ជាក់ថា÷សម្រាប់ការប្រមូលផលត្រី,សម្រាប់ធ្វើផ្អក,ប្រហុកនាឆ្នាំនេះ ទទួលបានច្រើនជាងឆ្នាំមុន ខណៈសកម្មភាពនៃការធ្វើផ្អក,ប្រហុករបស់ប្រជាពលរដ្ឋ ដែលមកពីគ្រប់ខេត្តក៏មានភាពមមាញឹកផងដែរ ដែលនឹងធ្វើឲ្យការធ្វើផ្អក,ប្រហុកឆ្នាំនេះ កើនឡើងជាងឆ្នាំមុន។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុក,ផ្អកនៅក្នុងរដូវនេសាទឆ្នាំ 2022-2023 មានចំនួន 130 50 តោនកើនឡើងប្រមាណ 40%បើប្រៀបនឹងឆ្នាំ 2021-2022 ដែលមានចំនួនសរុប 8700 តោន។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា"ខ្ញុំសប្បាយចិត្តដែលបានឃើញបងប្អូនយើងទទួលបានភោគផលត្រីពីបឹងទន្លេសាបមកហើយក៏បានឃើញដែរថានេះជាលទ្ធផលនៃការខំប្រឹងប្រែងក្នុងរដូវទឹកឡើងកន្លងទៅដែលបានអនុវត្តន៍ច្បាប់បានល្អថែរក្សាត្រីសម្រាប់ឲ្យបងប្អូនយើងអាចទទួលបាននូវភោគផលនេះបានទាំងអស់គ្នា"។

គួរបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលមកធ្វើត្រីប្រហុក,ផ្អកភាគច្រើនមកពីខេត្តមួយចំនួនដូចជា÷ខេត្តកំពង់ស្ពឺ,កំពង់ឆ្នាំង,តាកែវនិងខេត្តកណ្ដាលជាដើម បានចាប់ផ្ដើមមកទិញត្រីជាហូរហែ ដើម្បីយកទៅធ្វើផ្អក,ប្រហុកឬត្រីឆ្អើរសម្រាប់ទុកផ្គត់ផ្គង់គ្រួសារនិងសម្រាប់លក់ដូរ។ ខណៈតម្លៃត្រីឆ្នាំនេះធូរថ្លៃជាងឆ្នាំមុនដោយអាចទិញបានក្នុងតម្លៃ 2300 រៀលទៅ 3000 រៀលក្នុង 1 គីឡូក្រាមខណ:កាលពីមុនតម្លៃចាប់ពី 3000រៀលឡើងទៅ។

គួររម្លឹកថាកាលពីថ្ងៃទី 28 ខែធ្នូឆ្នាំ 2022 ថ្មីៗនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជូនដំណឹងថារដូវនេសាទឆ្នាំ 2022-2023 នេះត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប,បឹង,ស្ទឹងនិងព្រែកនានាចូលទន្លេសាប,ទន្លេមេគង្គនិងទន្លេបាសាក់ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេស គន្លងដាយត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រ

ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ពីថ្ងៃទី 29 ខែធ្នូឆ្នាំ 2022 ដល់ថ្ងៃទី 3 ខែមករាឆ្នាំ 2023 ក្នុងករណីមេឃស្រឡះគ្មានភ្លៀងកក់ខែឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ហេតុនេះសម្រាប់ប្រជាពលរដ្ឋដែលមានបំណងធ្វើផ្អក,ប្រហុក,ត្រីឆ្អើរ ឬ ទឹកត្រី រួសរាន់មកទិញត្រីតាមពេលវេលានិងទីកន្លែងខាងលើ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ