• ច័ន្ទ ២៩ មេសា ២០២៤ ១០:២០ ព្រឹក

ចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2023 នេះកម្មវិធីដកពិន្ទុប័ណ្ណបើកបរនិងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនឹងចាប់ផ្ដើមដាក់ឲ្យដំណើរការជាផ្លូវការ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលទើបទទួលបាននៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 នេះបានបញ្ជាក់ថា÷ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានជាអតិបរមានោះ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យ អន្រការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនឹងដាក់ឲ្យដំណើរការអនុវត្តពេញលេញជាផ្លូវការ ចាប់ពីថ្ងៃទី1ខែមករាឆ្នាំ 2023 នេះតទៅ។

ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា យោងតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា43 និងមាត្រា 44 និងអនុលោមតាមប្រកាសអន្តរក្រសួងលេខ 2313 បក.ក្រចុះថ្ងៃទី 27 ខែមេសាឆ្នាំ 2020 ស្ដីពីការពិន័យជាប្រាក់ចំពោះអំពើល្មើស នឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងប្រកាសអន្តរក្រសួងលេខ 176 ប្រក.ដដកចុះថ្ងៃទី 14 ខែកញ្ញាឆ្នាំ 2021 ស្តីពីនីតិវិធីការដកនិងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ឲ្យបានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការជូនដំណឹងដល់សាធារណៈជនមេតាជ្រាបដូចតទៅ÷

1/កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការនិងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការអនុវត្តសាកល្បង នៅទូទាំងប្រទេសចាប់ពីថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2022 តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី 1 ខែមករាឆ្នាំ 2023។

2/ការដកពិន្ទុបណ្ណបើកបបរ និងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះសូមអ្នកបើកបរយានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម)ដើម្បីផ្ដល់ជូនសមត្ថកិច្ចត្រួតពិនិត្យនិងអនុវត្តការដកពិន្ទុក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

3/ការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់ នៅតាមបញ្ជរ ទ្រូម៉ានី ឬភ្នាក់ងារ ទ្រូម៉ានី ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុន ទ្រូម៉ានី(TrueMoney.Mobile App)បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្ដែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើការចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ពីសំណាក់អ្នកបើកបរយានយន្តគ្រប់រូប។

គួរបញ្ជាក់ដែរថាកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍នេះ បានដាក់ឲ្យអនុវត្តន៍សាកល្បងកាលពីថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2022 កន្លងទៅ នៅតាមគោលដៅមួយចំនួនដែលគិតមកទល់ពេលនេះមានរយៈពេល 4 ខែហើយនិងមានបណ្ណបើកបរប្រមាណ23015បណ្ណត្រូវបានដកពិន្ទុផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ