• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣៩ ព្រឹក

គិតត្រឹមម៉ោង 11និង 30 នាទីថ្ងៃទី 29 នេះរកឃើញអ្នកស្លាប់ 16 នាក់និងរបួស 58 នាក់ក្នុងករណីអគ្គីភ័យឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត÷គិតត្រឹមម៉ោង 11និង 30 នាទីថ្ងៃទី 29 ខែធ្នូឆ្នាំ 2022 រកឃើញអ្នកស្លាប់ 16 នាក់និងអ្នករបួស 58 នាក់ ករណីអគ្គីភ័យ ឆាបឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការបញ្ជាក់ពី លោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ ថ្ងៃទី 29 ខែធ្នូឆ្នាំ 2022។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបន្តថា សមត្ថកិច្ច,អាជ្ញាធរ,កម្លាំងចម្រុះ នៅតែបន្តបើកប្រតិបត្តិការ រុករកជនរងគ្រោះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា យោងតាមរបាយការណ៍បន្ថែម នៅវេលាម៉ោងជាង 11 ព្រឹកថ្ងៃទី 29 ខែធ្នូឆ្នាំ 2022 នេះ ករណីអគ្គិភ័យវាយប្រហារអគារ កាស៊ីណូ"ហ្គ្រេនដាយមិន“ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ គឺមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង 400 នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ ខណៈកម្លាំងសមត្ថកិច្ច អាចគ្រប់គ្រងបានទាំងស្រុងហើយ។

សូមបញ្ជាក់ថាអគ្គិភ័យនេះ បានកើតឡើងតាំងពីវេលាម៉ោង 11និង 30 នាទីយប់ថ្ងៃទី 28 ខែធ្នូឆ្នាំ 2022 ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហានដំបូងថា ឆ្លងចរន្តអគ្គិសនីនៅទីតាំងហ្គេម ជាន់ក្រោមហើយបានរីករាលដាលតែម្ដង។ ប្រតិបត្តិការ នៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ កងប្រតិបត្តិការរុករក និងសង្គ្រោះ 711 នៃកងពលតូចលេខ 70 ,កម្លាំងអាជ្ញាធរខេត្ត មាននគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួម កម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ។

ដោយឡែក នៅព្រឹកថ្ងៃទី 29 ខែធ្នូឆ្នាំ 2022 នេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំកម្លាំងអន្តរាគមន៍ ចុះដោយផ្ទាល់នៅទីតាំង កាស៊ីណូហ្គ្រេនដាយមិន នេះផងដែរ អមដំណើរ ដោយអភិបាលខេត្តបន្ទាយមានជ័យ,អភិបាលខេត្តបាត់ដំបង និងមានវត្តមានសមត្ថកិច្ច អាជ្ញាធរប្រទេសថៃ បានចូលរួម ចុះអន្តរាគមន៍សង្គ្រោះ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ