• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០១ ព្រឹក

គិតត្រឹមថ្ងៃទី 12 ខែធ្នូនេះផ្លែមៀនស្រស់កម្ពុជាជាង 26 00តោនត្រូវបានដាក់លក់លើទីផ្សារប្រទេសចិន

ភ្នំពេញ÷លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ផ្លែមៀនស្រស់របស់កម្ពុជា ទម្ងន់ជាង 2600 តោនបាននាំចេញ និងទៅដល់ប្រទេសចិនហើយ នៅថ្ងៃទី 12 ខែធ្នូឆ្នាំ 2022 ហើយទទួលបានការគាំទ្រពីប្រជាជនចិន ជាច្រើនផងដែរ។

នៅក្នុងកម្មវិធីប្រគល់-ទទួលវ៉ាក់សាំង ការពារជំងឺឆ្លងសត្វ ចំនួន1លានកម្រិត កាលពីពេលថ្មីៗកន្លងទៅនេះ នៅទីស្រីការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហប្រតិបត្តិការរវាងចិន និងកម្ពុជា លើវិស័យសំខាន់ៗ នៃកសិកម្មកម្ពុជាដូចជា ដំណាំ,ការចិញ្ចឹមសត្វ,កៅស៊ូជាដើមត្រូវបានអនុវត្តន៍យ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។

ក្នុងឱកាសនោះ លោក ឯកអគ្គរដ្ឋទូត បានរម្លឹកជូនថា កាលពីខែតុលាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិន បានប្រារព្ធធ្វើពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលជាការបើកទ្វារសម្រាប់ការនាំចេញកសិផល របស់កម្ពុជាទៅកាន់ប្រទេសចិន ហើយនៅថ្ងៃទី 12 ខែធ្នូកន្លងទៅនេះផ្លែមៀនបានចូលទៅក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដ៏ល្បីរបស់ប្រទេសចិន។

ការសម្រេចបានលទ្ធផល នៃការនាំចេញផ្លែមៀនស្រស់ពី កម្ពុជាទៅកាន់ប្រទេសចិននេះ កើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកការចរចា លក្ខខណ្ឌ តម្រូវភូតគាមអនាម័យបើកទីផ្សារ អស់រយៈពេលជាង 3 ឆ្នាំ ទើបរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន 74 និងក្រុមហ៊ុនវេចខ្ចប់ចំនួន 8 សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

លោក ឯកអគ្គរដ្ឋទូត លើកឡើងថា កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង និងពង្រីកទំនាក់ទំនង លើគ្រប់វិស័យ ជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម,ធុរកិច្ចនិងវិនិយោគ។

គួរបញ្ជាក់ដែរថា ផ្លែមៀនស្រស់របស់កម្ពុជា គឺជាកសិផលប្រភេទទី3 ដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន បន្ទាប់ពីត្រីប្រានិង ពោតនៅឆ្នាំ 2022 នេះ ហើយក៏ជា ផ្លែឈើប្រភេទទី3ដែរ ដែលត្រូវបានអនុម័តនាំចេញរបស់កម្ពុជាទៅប្រទេសចិន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ