• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤០ ព្រឹក

រដ្ឋមន្ត្រីព័ត៌មាន ប្រាប់ដល់អ្នកព័ត៌ មាន ឱ្យឯករាជ សេរីភាព ក្នុងការរាយការណ៍អំពី ការបោះឆ្នោត ដើម្បីបម្រើដល់សង្គមជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវកាញារីទ្ធ បានថ្លែងថា តួនាទីអ្នកសារព័ត៌មាន ត្រូវតែឯករាជ សេរីភាព គឺជារឿងសំខាន់ ដើម្បីឱ្យសង្គមមួយឱ្យទទួលយកបាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ពិសេសនៅកម្ពុជាក្នុងពេលបោះឆ្នោត។ ក្រៅពីនេះអ្នកសារព័ត៌មានក៏គួរបង្ហាញពីលក្ខណៈជឿនលឿននៃប្រជាធិបតេយ្យ ផងដែរ ដេីម្បីឱ្យការផ្សព្វផ្សាយបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ និងដើម្បីឱ្យប្រជាពលរដ្ឋគាត់អាចជ្រើសរើសបានល្អ។  

សូមបញ្ជាក់ថា លោក ខៀវកាញារីទ្ធ បានលេីកឡេីងដូចនេះ ក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា» ដែលសហការរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២២ ។  

ជាមួយគ្នានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក៏បានលេីកឡេីងដែរថា ទោះបីជាកម្ពុជាបានរៀបចំការបោះឆ្នោតសភាចំនួន ៦លើក រួចមកហើយក្តី ប៉ុន្តែការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានអំពី ការយកព័ត៌មានពាក់ព័ន្ធនឹងបោះឆ្នោត មិនសូវបានរៀបចំឡើងនោះទេ ជាពិសេសក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចនាពេលបច្ចុប្បន្ន។  

ដោយឡែក លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានលេីកឡេីងអំពីបទពិសោធន៍សំខាន់ៗជាច្រេីនអំពីការយកព័ត៌មានក្នុងការបោះឆ្នោត ពិសេសនៅកម្ពុជា ។ លោកបានលេីកឡេីងថា អ្នកព័ត៌មាន ត្រូវតែជាអ្នកមានទំនុកទុកចិត្ត និងក៏ត្រូវមានការគាំទ្រពីសារធាណៈជនផង។ ដូច្នេះ អ្នកសារព័ត៌មានគួរយកជ្រុងណាមួយនៅពេលសរសេរ ប៉ុន្តែឃើញថា ក៏នៅមានការខ្វះខាតរបស់អ្នកសារព័ត៌មាន នៅឡេីយ ពោលគឺ ខ្វះផែនការរៀបចំ។ ការណ៍នេះលោកក៏បានផ្តល់ជាយោបល់ដែរថា អ្នកព័ត៌មានក៏ត្រូវចេះរៀបចំផែនការពីដំបូងរហូតដល់បញ្ចប់ការប្រកាសលទ្ធផលឆ្នោត ដូចជា ត្រូវចេះរៀបចំជ្រុងសម្ភាសន៍និងប្រកបដោយក្រមសីលធម៌។  

សូមបញ្ជាក់ថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២៨-២៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមចំនួន ៥៤នាក់ មកពីអង្គភាពចំនួន ២៦ ក្នុងនោះ រួមមាន មកពី  គ.ជ.ប., ស្ថាប័នស្រាវជ្រាវចំនួន ២ស្ថាប័ន, សារព័ត៌មានបោះពុម្ពនិងអនឡាញ ១៥ អង្គភាព, វិទ្យុ ៣អង្គភាព ទូរទស្សន៍ ៣អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកលវិទ្យាល័យ ១អង្គភាព។ ចំណែកវាគ្មិន ជាគ្រូបង្គោលចំនួន ៩រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃ គ.ជ.ប. អ្នកកាសែតអាជីពជើងចាស់ អ្នកជំនាញ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រនយោបាយ ដែលអញ្ជើញមកពីប្រទេសកម្ពុជា បារាំង អាល្លឺម៉ង់ និងអូស្ត្រាលី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ