• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១២ ព្រឹក

កម្ពុជា-កូរ៉េ ចុះអនុស្សារណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការកងទ័ពជើងគោក

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-សាធារណរដ្ឋកូរ៉េ ចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធ VTC លើអនុស្សារណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។

នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍  ប៉ាក ចុងហ៊័ន (Park Jeong Hwan) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ។

សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើ “អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ” ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងភាគីទាំងពីរ ដោយផ្អែកលើទំនុកចិត្តរួមក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។

ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើងនៃ ទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយឯកសារអនុស្សារណៈនេះនឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានាតទៅអនាគត។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកអំពី ការភ្ជាប់ចំណងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅក្នុងឆ្នាំ១៩៧០ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈកាល ២៥ឆ្នាំ កន្លងមកនេះ រាប់ចាប់តាំងពីការភ្ជាប់ចំណងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំនៃសាធារណរដ្ឋកូរ៉េជាច្រើនរូប។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានកត់សម្គាល់ ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ដែលកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្រោយការចុះអនុស្សារណៈនៃការយោគយល់ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៨ ហើយដែលផ្តើមចេញពីមូលដ្ឋាននេះ ក៏បានបើកឱកាស និងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ជំនួយជាសម្ភារយោធា ជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ