• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣១ ព្រឹក

សម្ដេចក្រឡាហោមសខេងបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងកាត់សេចក្តីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក(ថ្មី)

ភ្នំពេញ÷នាថ្ងៃពុធ 6 កើតខែបុស្សឆ្នាំខាលចត្វាស័កព.ស.2566ត្រូវនឹងថ្ងៃទី 28 ខែធ្នូឆ្នាំ 2022 នេះសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ)បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តី ព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក(ថ្មី)នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអនុប្រធានគ.ស.ច.ក,លោកស្រីជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការ,អគ្គនាយក,អគ្គនាយករងនៃក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងមន្ត្រីជាន់ខ្ពស់ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបទៀត។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះសម្ដេចក្រឡាហោម ស ខេងបានគូបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក(ថ្មី)នេះមានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅហើយសម្ដេចសង្ឃឹមថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្ត្រីនាដំណាច់ឆ្នាំ 2022 នេះហើយក៏សង្ឃឹមថាច្បាប់នេះនឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភានាត្រីមាសទី1ឆ្នាំ2023ផងដែរ។

លោក តូច ចាន់ កុសលរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអនុប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានរាយការណ៍ជូនសម្ដេចក្រឡាហោមនិងអង្គប្រជុំអំពីហេតុផលសំខាន់ៗដែលនាំឲ្យរៀបចំសេចក្តីព្រាងច្បាប់ថ្មីនេះដោយនៅក្នុងភាពគ្រប់ជ្រុងជ្រោយនៃច្បាប់នេះមានការបន្ថែមនិងកំណត់នូវប្រភេទបទល្មើសចរាចរណ៍ផ្លូវគោកផងដែរ។

សេចក្តីព្រាងច្បាប់ថ្មីនេះបានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន 48 មាត្រានិងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀតដើម្បីឲ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជាជាពិសេសលើការអភិវឌ្ឍផ្លូវថ្នល់រួមដូចជាការពង្រីកផ្លូវ,ការកសាងផ្លូវល្បឿនលឿននិងចង់បង្កើនប្រសិទ្ធភាពកាត់បន្ថយអ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ