• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១៥ ព្រឹក

រដូវត្រីធ្វើប្រហុកផ្អកចាប់ផ្ដើមជាមួយការអំពាវនាវឱ្យពលរដ្ឋមកទិញត្រីប្រហុកផ្អក

​រដូវ​កាល​ត្រី​ប្រហុក​ ​ផ្អក​ ​និង​ត្រីឆ្អើរ​បាន​មកដល់​​​ហើយ​នៅ​ក្នុងឆ្នាំនេះ​។​ ​វា​ជា​រដូវ​កាស​ដែល​ប្រជា​នេសាទ​តាម​ដង​ទន្លេសាប​ត្រូវ​បាន​អនុញ្ញាត​ ​ខណៈ​ពលរដ្ឋ​ផ្សេងទៀត​បាន​សម្រុក​ទិញ​ត្រី​ទាំងនោះ​ពី​ប្រជា​នេសាទ​ ​ដើម្បី​ធ្វើ​ប្រហុក​ ​ផ្អក​ ​និង​ត្រីឆ្អើរ​សម្រាប់​ទំនុក​បម្រុង​បរិភោគ​ប្រចាំ​ឆ្នាំ​។​

​ប្រហុក​ ​ផ្អក​ ​និង​ត្រីឆ្អើរ​ ​គឺជា​ប្រភេទ​អាហារ​ផ្អាប់​ដ៏​ពេញ​និយម​ក្នុង​ការ​ទទួលទាន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ​ក្នុង​នោះ​ប្រហុក​ក៏​ជា​គ្រឿងផ្សំ​មួយ​ក្នុង​អាហារ​ជា​ច្រើន​មុខ​ផ្សេងទៀត​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

​សម្រាប់​ឆ្នាំនេះ​ ​លោក​ ងិ​ន​ ​ឌី​ ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រុងភ្នំពេញ​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​រដូវ​ត្រី​ធ្វើ​ប្រហុក​ ​ផ្អក​ ​និង​ត្រីឆ្អើរ​ ​បាន​ចាប់ផ្ដើម​មាន​ចំនួន​កើន​ឡើង​ជាមួយនឹង​ការ​នេសាទ​ម្ដង​បាន​ត្រី​ពី​ ​១​០​០​ ​ទៅ​ ​១​៥​០​ ​គីឡូក្រាម​នៅ​គន្លង​ដាយ​តាម​ដង​ទន្លេសាប​ភាគ​ខាងលើ​ ​និង​នៅ​ផ្នែក​ខាងក្រោម​គេ​នេសាទ​ម្ដង​បាន​ត្រី​ពី​ ​៣​០​ ​ទៅ​ ​១​០​០​ ​គីឡូក្រាម​។​

​លោក​បន្ត​ថា​ ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ ​ផ្អក​ ​និង​ត្រី​ឆ្អើរ​ ​កាន់​តែ​សម្បូរ​ច្រើនឡើង​នៅ​ពី​បី​ថ្ងៃខាងមុខ​ទៀត​ដោយសារ​តែ​ក​ម្ពស់​ទឹកទន្លេ​សាប​ក្នុងឆ្នាំនេះ​មាន​ស្ថានភាព​ល្អ​ ​និង​ប្រសិនបើ​មេឃស្រឡះ​ល្អ​ ​គ្មាន​ភ្លៀង​កក់ខែ​ ​ឬ​ទទួលរង​ឥទ្ធិពល​ព្យុះ​។​ ​ដូច្នេះ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​នៅ​ឆ្នាំនេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន​។​

​លោក​ ងិ​ន​ ​ឌី​ ​បាន​និយាយ​ថា​ ម្លៃ​ត្រី​ដែល​ឈ្មួញ​កណ្ដាល​ទិញ​ពី​ម្ចាស់​ដាយ​មាន​តម្លៃ​ចន្លោះ​ពី​ ​២ ០០០​ ​ទៅ​ ​២​ ​២​០​០​រៀល​ក្នុង​មួយគីឡូក្រាម​ ​ហើយ​លក់​ចេញ​វិញ​ ​តម្លៃ​អាច​លើស​ពី​នេះ​។​ ​ប៉ុន្តែ​តម្លៃ​នេះ​អាច​ចុះ​មក​វិញ​នូវ​ចន្លោះ​ពី​ ​១​ ​០​០​០​ ​ទៅ​ ​៨​០​០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ ​ផ្អក​ ​និង​ត្រីឆ្អើរ​ ​គឺជា​ប្រភេទ​ត្រី​រៀល​ ​ត្រី​ស្លឹក​ឫស្សី​ ​និង​ត្រី​ចន្ទាសភ្លុក​»​។​

​យោង​លើ​ស្ថានភាព​នេះ​ ​រដ្ឋបាល​ជលផល​ក្រុងភ្នំពេញ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​មានបំណង​ធ្វើ​ប្រហុក​ ​ផ្អក​ ​ឬ​ត្រីឆ្អើរ​សម្រាប់​ទុក​បរិភោគ​ប្រចាំ​ឆ្នាំ​គួរ​ប្រញាប់​មក​ទិញ​ត្រី​ឱ្យ​បាន​រួសរាន់​។​

​លោក​ ​ម៉ូត​ ហូ​សាន់​ ​អ្នក​ធ្វើអាជីវកម្ម​នេសាទ​គន្លង​ដាយ​ត្រី​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​បាន​និយាយ​ថា​ ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​ចាប​់ផ្តើម​សម្បូរ​ហើយ​ ​ដោយ​កាល​ពី​ថ​្ងៃច័ន្ទ​រក​ត្រី​បាន​ចន្លោះ​ពី​ ​៣​០​ ​ទៅ​ ​១០​០​ ​គីឡូក្រាម​ក្នុង​ការ​នេសាទ​ម្ដង​។​

​លោក​បន្ត​ថា​ ​ប្រភេទ​ត្រី​ចាប់បាន​នៅ​ជា​ហ្វូង​ត្រី​នាំ​មុខ​មិន​សូវ​មាន​ទំហំ​ធំ​ទេ​ ​ហើយ​ក៏​មិន​ទាន់​មាន​អ្នក​មក​រ​ក​ទិញ​ដែរ​ ​តែ​ប្រសិនបើ​មាន​គេ​មក​ទិញ​ ​គឺ​លោក​លក់​មួយគីឡូក្រាម​ ​១​ ​០​០​០​រៀល​។​

​លោក​ ​អុឹង​ ​ទ្រី​ ​អនុប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​លើក​ឡើង​ថា​ ​ទិន្នផល​ជលផល​ក្នុង​ប្រទេស​កាលពី​ឆ្នាំ​២០២១​ ​មានការ​ធ្លាក់ចុះ​ ​ប៉ុន្តែ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​ ​ត្រូវ​បាន​ព្យាករ​ថា​អាច​នឹង​កើន​ឡើង​មកវិញ​។​

អត្ថបទពេញនិយម

ពត៍មានថ្មីៗ