• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៥ ព្រឹក

អ្នក​នេសាទ​ប្រើ​ឧបករណ៍​ម៉ាញ់ ចាប់បាន ត្រីរាជមួយក្បាលទំងន់ ៤៦ គីឡូក្រាម មានប្រវែង ១៥៧ ស.ម ស្ថិតនៅក្នុងភូមិស្វាយអាត់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល៖ អ្នក​នេសាទ ​ប្រើ​ឧបករណ៍​ម៉ាញ់ ចាប់បាន ត្រីរាជមួយក្បាលទំងន់ ៤៦ គីឡូក្រាម មានប្រវែង ១៥៧ ស.ម ស្ថិតនៅក្នុងភូមិស្វាយអាត់ ឃុំព្រែក​តាមាក់ ស្រុកខ្សាច់កណ្តាល នេះបើតាមប្រភពព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២​។

ក្រោម​​កិច្ចសហការជាមួយអ្នកនេសាទ ក្រុម​ការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជលផលទឹកសាប និងគម្រោងអច្ឆរិយនៃ​ទន្លេ​មេគង្គបានពាក់ស្លាកសញ្ញាក្នុងគោលបំណងសិក្សាតាមដានការបម្លាស់ទី ជាពិសេសលើការ​អភិរក្សប្រភេទត្រីកម្រនេះ។ ត្រីដែលចាប់​បាន​នេះត្រូវបានប្រលែងចូលក្នុងទន្លេមេគង្គមេគង្គវិញ។

ត្រីរាជ ស្ថិត ក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។

គួរជម្រាបដែរថា ប្រភេទត្រីធំៗដូចជាត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ ពោព្រុយ និងត្រីត្រសក់ដែលជា​ប្រភេទត្រី​ជិត​ផុតពូជ បានចាប់ផ្តើមបម្លាស់ទីចេញ​ពីបឹងទន្លេសាប នាចុងខែតុលារហូត​ដល់​ខែធ្នូ ដោយឆ្លងកាត់ទន្លេសាប រួចឆ្ពោះទៅកាន់​អន្លង់​ជ្រៅៗតាមបណ្តោយដងទន្លេមេគង្គ​ក្នុង​ខេត្តកំពង់ចាម ក្រចេះ និងស្ទឹងត្រែង។ ​ក្រុមការងារ​បានផ្សព្វផ្សាយ និង​សំណូមដល់ប្រជានេសាទមេត្តាចូលរួម និង​ផ្តល់ព័ត៌មានដល់រដ្ឋបាលជលផលក្នុងការចូលរួម​អភិរក្សប្រភេទ​ត្រីកម្រនេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ