• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៥ ល្ងាច

នៅឆមាសទី១ក្នុងឆ្នាំនេះមានភ្ញៀវទេសចរអន្តរជាតិ១១៧លាននាក់ធ្វើដំណើរជុំវិញពិភព លោកកើនឡើង១៨២%

ភ្នំពេញ៖តាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍បានឲ្យដឹងនៅយប់ថ្ងៃអង្គារទី១២ខែកក្កដាឆ្នាំ២០២២នេះ របាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក(UNWTO)បានបង្ហាញថាគិតត្រឹមឆមាសទី១ឆ្នាំ២០២២មានភ្ញៀវទេសចរណ៍អន្តរជាតិជាង១១៧លាននាក់បានធ្វើដំណើរជុំវិញពិភពលោកកើនឡើង១៨២%ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។តួលេខនេះ បានបង្ហាញពីសញ្ញាល្អប្រសើរសម្រាប់ឆ្នាំ២០២២ខណៈកម្ពុជាក៏រំពឹងទទួលបានកំណើនល្អប្រសើរពីការងើបឡើងវិញនៃចលនាភ្ញៀវទេសចរពិភពលោកនេះផងដែរ។


របាយការណ៍នេះត្រូវបានលើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ដែលបានធ្វើឡើងក្រោមអធិបតីភាពលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្តីការក្រសួងទេសចរណ៍នាថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២។នាឱកាសនោះលោកទិតចន្ថារដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍បានលើកឡើងថា"យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក(UNWTO)បានបង្ហាញថាគិតត្រឹមឆមាសទី១ឆ្នាំ២០២២ភ្ញៀវទេសចរអន្តរជាតិជាង១១៧លាននាក់បានធ្វើដំណើរជុំវិញពិភពលោកកើនឡើង១៨២%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១"។

លោករដ្ឋលេខាធិការរូបនេះបានរម្លឹកដែរថានៅឆ្នាំ២០២១ពិភពលោកទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤១៥លាននាក់កើនឡើងត្រឹមតែ៣.៨%ប៉ុណ្ណោះប្រសិនបើធៀបនឹងឆ្នាំ២០២០។ លោករដ្ឋលេខាធិការប្រចាំការបានបន្តទៀតថាក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២២ដូចគ្នានេះដែរនៅទ្វីបអ៉ឺរ៉ុបទ្វីបអាមេរិកនិងមជ្ឈិមបូព៌ាទទួលបានសញ្ញាល្អជាងគេជាមួយនឹងអត្រាកំណើន២៨០%(ទ្វីបអ៉ឺរ៉ុប)១១៧%(ទ្វីបអាមេរិក)និង១៣២%(មជ្ឈិមបូព៌ា)ខណៈដែលតំបន់អាហ្វ្រិកនិងអាស៊ីប៉ាស៊ីហ្វិកនៅមានអត្រាកំណើនតិចនៅឡើយក្នុងរង្វង់៩៦%(ទ្វីបអាហ្វ្រិក)និង៦៤%(អាស៊ីប៉ាស៊ីហ្វិក)។ លោកទិតចន្ថាបានបន្តទៀតថាចំពោះនៅតំបន់អាស៊ានក្នុងឆ្នាំ២០២១ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៣.៣លាននាក់ថយចុះ៨៧%ធៀបនឹងឆ្នាំ២០២០។នៅដើមឆ្នាំ២០២២ប្រទេសក្នុងតំបន់អាស៊ានបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញបណ្តើរៗក្នុងនោះកម្ពុជាជាប្រទេសដំបូងគេដែលបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញបន្តមកប្រទេសថៃសិង្ហបុរីម៉ាឡេស៊ីហ្វីលីពីនវៀតណាមឥណ្ឌូនេស៊ីនិងឡាវ។ ទោះជាយ៉ាងនេះក្តីអង្គការទេសចរណ៍ពិភពលោកបានវាយតម្លៃថាចំនួនទេសចរណ៍ពិភពលោកក្នុងឆ្នាំ២០២២នេះរំពឹងថានឹងអាចស្មើនឹង៥០%ទៅ៧០%នៃចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០១៩ដោយភាពល្អប្រសើរនៅតែមាន។ ជាមួយគ្នានោះលោករដ្ឋមន្ត្រីថោងខុនបានបង្ហាញការរំពឹងទុកថាយោងតាមអត្រា១៨២%នៃកំណើនទេសចរណ៍ពិភពលោកនេះក៏បានបង្ហាញសញ្ញាល្អប្រសើរសម្រាប់ទេសចរណ៍នៅកម្ពុជាផងដែរ។


លោករដ្ឋមន្ត្រីបានបន្ថែមទៀតថាឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញនៃចរន្តទេសចរណ៍សកលលោកក៏ដូចជាទេសចរណ៍តំបន់ជាមួយនឹងកិច្ចអន្តរាគមន៍ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់ក្នុងឆ្នាំ២០២២នេះហើយនឹងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេមលើកទី៣២៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ