• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣០ ព្រឹក

អាម៉េរិក មានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា បន្ទាប់ពីចិន

ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូក្នុងពិភពលោកនារយៈពេល១១ខែមកនេះ មានតម្លៃប្រមាណ៤៨,២ពាន់លានដុល្លារដែលកើន១២,៨ភាគរយ បើធៀបនឹងគ្រាដូចកាលឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញមានជាង២០,៤ពាន់លានដុល្លារ ខណៈការនាំចូលវិញមាន២៧,៧ពាន់លានដុល្លារ។ បើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ជុំវិញទំនាក់ទំនងពាណិជ្ជកម្មនេះ សារព័ត៌មានថ្មីៗ(ThmeyThmey)សូមលើកយកប្រទេស-តំបន់ចំនួន១០ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២។  ប្រទេស-តំបន់ទាំងនោះមានដូចខាងក្រោម៖
 
លេខ១ ចិន៖  មានទំហំពាណិជ្ជកម្មជាង១០,៥៨ពាន់លានដុល្លារ កើនក្នុងអត្រា៦,៣ភាគរយ។ ក្នុងនោះ ការចេញរបស់មានត្រឹម១,១ពាន់ដុល្លារ ដែលធ្លាក់ចុះជាង១៩ភាគរយ។ ប៉ុន្តែ ការនាំចូលពីប្រទេសនេះវិញ មានដល់ជិត៩,៤៧ពាន់ដុល្លារ ដែល១០,៤ភាគរយ។
 
លេខ២ អាម៉េរិក៖ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយមហាអំណាចពិភពលោកមួយនេះចំនួន៨,៥ពាន់លានដុល្លារ ជាមួយកំណើន២១,៨ភាគរយ។ សម្រាប់ការនាំចេញរបស់កម្ពុជា មានជាង៨,២ពាន់ដុល្លារ កើន២៣ភាគរយ ខណៈនាំចូលវិញ គឺមានត្រឹមជាង ២៩២លានដុល្លារ  ធ្លាក់ចុះ ៤,៨ភាគរយ។
 
លេខ៣ វៀតណាម ៖  ទំហំពាណិជ្ជកម្មមានក្នុងតម្លៃជាង៥,៥ពាន់លានដុល្លារ ជាមួយកំណើន ១៩,៥ភាគរយ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានជិត១,៩ពាន់លានដុល្លារ ដែលកើន៤,៨ភាគរយ  តែនាំចូលពីប្រទេសជាប់ព្រំដែននេះវិញមានដល់ជាង៣,៦ពាន់ដុល្លារជាមួយកំណើន ២៩ភាគរយ។
 
លេខ៤ ថៃ៖ ទំហំពាណិជ្ជកម្មមានតម្លៃជិត៤,៣ពាន់លានដុល្លារ ដែលកើន១៨,៣ភាគរយ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៧៥៦លានដុល្លារ កើន៣៥,៤ភាគរយ ខណៈនាំចូលពីប្រទេសនេះវិញ គឺមានដល់ជាង៣,៥៤ពាន់ដុល្លារ ក្នុងកំណើន១៥,២ភាគរយ។
 
លេខ៥ សិង្ហបុរី៖ ទំហំពាណិជ្ជកម្មមានតម្លៃជាង៣,២៥ពាន់ដុល្លារ ធា្លក់ចុះ២៨,៨ភាគរយ។ ចំពោះការចេញរបស់កម្ពុជាទៅកា ន់ប្រទេសសមាជិកអាស៊ានមួយនេះ គឺមានត្រឹមជាង៨៦លានដុល្លារ ដែលធ្លាក់ចុះ២៥,៣ភាគរយ និងនាំចូលវិញមានជិត៣,១៧ពាន់ដុល្លារ ប៉ុន្តែក៏ធ្លាក់ចុះក្នុងអត្រា២៨,៩ភាគរយ ផងដែរ។
 
លេខ៦ ជប៉ុន៖ ទំហំពាណិជ្ជកម្មមានតម្លៃជិត១,៧៩ពាន់លានដុល្លារ ដែលកើនក្នុងរង្វង់១៣ភាគរយ។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសនេះ គឺមានតម្លៃជិត ១,០៧ពាន់លានដុល្លារ កើន៦,៨ភាគរយ និងនាំចូលវិញមាន ៧២០លានដុល្លារ ២៤ភាគរយ។ 
 
លេខ៧ ស្វ៊ីស៖ ទំហំពាណិជ្ជកម្មមានតម្លៃប្រមាណ១,៤៤ពាន់លានដុល្លារ។ ទំហំនេះ គឺកើនរហូតដល់៧៩ភាគរយបើធៀបនឹងរយៈពេល១១ខែដូចគ្នា កាលឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅប្រទេសនេះមានត្រឹម៨,៥លានដុល្លារ ដែលធ្លាក់ចុះ ៧,១ភាគរយ ប៉ុន្តែនាំចូល គឺកើនដល់៨០,៥ភាគរយ។ 
 
លេខ៨ អាល្លឺម៉ង់៖ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះជាង១,១៥ពាន់លានដុល្លារ ដែលមានកំណើនក្នុងរង្វង់២៣ភាគរយ។ ការនាំចេញមាន តម្លៃប្រមាណ១ពាន់លានដុល្លារ កើន២៦,៧ភាគរយ និងនាំចូលមាន១៥៣លានដុល្លារ កើន៥,១ភាគរយ ផងដែរ។
 
លេខ៩ តៃវ៉ាន់៖ ទំហំពាណិជ្ជកម្មមានតម្លៃ១,០៦ពាន់លានដុល្លារ ជាមួយកំណើន១០ភាគរយ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានជាង១០០លានដុល្លារ កើន១៩,៦ភាគរយ និងនាំចូលកើន ៩,១ភាគរយ ដែលមានតម្លៃជិត៩៦៦លានដុល្លារ។ 
 
លេខ១០ កាណាដា៖ ទំហំពាណិជ្ជកម្មមានតម្លៃ១,០៥ពាន់លានដុល្លារ ជាមួយកំណើន១៩ភាគរយ។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសក្នុងទ្វីបអាម៉េរិកខាងជើងនេះមាន១,០២ពាន់ដុល្លារ កើន២០,៦ភាគរយ ប៉ុន្តែនាំចូលវិញ គឺធ្លាក់ក្នុងអត្រា ១៧,៣ភាគរយ ដែលមានតម្លៃទឹកប្រាក់៣១លានដុល្លារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ