• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២២ ព្រឹក

សាលាជាតិគយនិងសភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំវេទិកាគយកម្ពុជាលើកទី 2


ភ្នំពេញ÷នាថ្ងៃព្រហស្បតិ៍ 14 រោចខែមិគសិរឆ្នាំខាលចត្វាស័ក ព.ស 2566ត្រូវនឹងថ្ងៃទី 22 ខែធ្នូឆ្នាំ 2022 នៅសាលាជាតិគយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ)និងសភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំវេទិកាគយកម្ពុជាលើកទី 2 ក្រោមអធិបតីភាពលោកបណ្ឌិតគុណញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងអ្នកឧកញ៉ាគិតម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាអមដោយសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជានិងមន្ត្រីជំនាញនៃ អគរ ព្រមទាំងមានការចូលរួមដោយធុរជនពាក់ព័ន្ធជាច្រើននាក់ផងដែរ។វេទិកាគយកម្ពុជាលើកទី2នេះត្រឹមបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីវឌ្ឍនភាពថ្មីៗនៃការងារគយនិងរដ្ឋាករជាពិសេសការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ,អភិបាលកិច្ចនិងការកែលម្អការផ្ដល់សេវានិងការពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់ជាដើម។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកានោះអ្នកឧកញ៉ាគិតម៉េងបានគូសបញ្ជាក់ថាវេទិកាគយលើកទី 2 ដែលបានរៀបចំឡើងនៅថ្ងៃនេះជាផ្នែកមួយនៃការអនុវត្តយន្តការភាពជាដៃគូគយផ្នែកឯកជនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ2010ហើយជាលទ្ធផលនៃកិច្ចប្រជុំជាបន្តបន្ទាប់ក្រោមយន្តការនេះពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាត្រូវបានលើកកម្ពស់និងកែលម្អកាន់តែល្អប្រសើរជាលំដាប់ដោយ អគរ បានដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខនិងឆ្លើយតបបានទាន់ពេលវេលានូវរាល់សំណូមពរចាំបាច់របស់វិស័យឯកជនពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិជាពិសេសក្នុងបរិការណ៍ខ្សែសង្វាក់ផ្គត់ផ្គង់សកលមានភាពរអាក់រអួលដោយសារវិបត្តិផ្សេងៗកន្លងមក។

ក្នុងឱកាសនោះដែរលោកបណ្ឌិតគុណញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់អង្គពិធីដោយបានគូសរំលេចអំពីសារៈសំខាន់នៃវេទិកាថ្ងៃនេះថាជាផ្នែកមួយនៃការខិតខំបញ្ច្រាបការយល់ដឹងដល់សាធារណជនពិសេសធុរជនពាក់ព័ន្ធពីច្បាប់បទប្បញ្ញត្តិការងារបច្ចេកទេសគយនិងនីតិវិធីគយសំដៅជំរុញការសម្រួលពាណិជ្ជកម្មលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងពង្រឹងអនុលោមភាពក៏ដូចជាកែលម្អវប្បធម៌សារពើពន្ធនៅកម្ពុជាបន្ថែមទៀតដើម្បីចូលរួមក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន។

បន្ថែមលើនេះមន្ត្រីជំនាញពីអគរបានធ្វើបទបង្ហាញលើប្រធានបទពាក់ព័ន្ធនឹងការងារគយមួយចំនួនរួមមានការអនុវត្តនីតិវិធីបំពេញបែបបទមុនពេលទំនិញមកដល់ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី 3 និងប្រព័ន្ធបញ្ជរតែមួយអាស៊ានការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតនិងធុរជនល្អបំផុតច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាលើការងារពាក់ព័ន្ធនិងសមត្ថកិច្ចរបស់រដ្ឋបាលគយការងារបច្ចេកទេសគយនិងសវនកម្មគយជាដើម។បន្ទាប់មកវេទិកាក៏បើកឲ្យមានកិច្ចពិភាក្សាលើបញ្ហាប្រឈមនិងការលើកឡើងនូវសំណូមពរមួយចំនួនព្រមទាំងសំណួរ-ចម្លើយពីបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មប្រតិបត្តិការគយនិងរដ្ឋាករការបំពេញបែបបទគយការផ្ដល់សេវាការពង្រឹងរអនុលោមភាពនិងការអនុវត្តច្បាប់និងបទបញ្ញត្តិនានាជាធរមានផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ