• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤០ ល្ងាច

ជនជាតិចិន2នាក់ជាប់ពាក់ព័ន្ធឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនិងគ្មានលិខិតឆ្លងដែន

ភ្នំពេញ÷តាមប្រភពព័ត៌មានពី សមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី 22 ខែធ្នូឆ្នាំ 2022 នេះថា កម្លាំងសមត្ថកិច្ចចម្រុះ បានចុះស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិចិន2នាក់ នៅគោលដៅចំនួន2 ក្នុងសង្កាត់វាលស្បូវ និងសង្កាត់និរោធ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង 10 និង 30 នាទីថ្ងៃទី 21 ខែធ្នូឆ្នាំ 2022 ក្នុងនោះបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធ internet ដែលសមត្ថកិច្ចចិន កំពុងស្វែងរក និងម្នាក់ទៀតពាក់ព័ន្ធ បទល្មើសគ្មានលិខិតឆ្លងដែន។

សមត្ថកិច្ចបានឲ្យដឹងថា យោងតាមសំណើរបស់ស្ថានទូតចិន​ ប្រចាំកម្ពុជា និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងចំណារ លោកនាយក ឧត្តមសេនីយ៍ អគ្គនាយក អគ្គនាយកអន្តោប្រវេស៍ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង សេងហៀង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងនោះ ផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋានខណ្ឌច្បារអំពៅបានសហការជាមួយនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី(ន7)នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាល ក្នុងមូលដ្ឋានសង្កាត់វាលស្បូវ និងសង្កាត់និរោធ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមការងារបានចុះធ្វើរដ្ឋបាល បានចំនួន2គោលដៅ រួមមានគោលដៅទីទី1 នៅផ្ទះលេខ140 ផ្លូវChasterសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ ឈ្មោះZHANG ZHIJIANG ភេទប្រុស កើតថ្ងៃទី5/5/1996 ពាក់ព័ន្ធបទល្មើសគ្មានលិខិតឆ្លងដែន(មុខសញ្ញារបស់ប៉ូលិសចិន)និងគោលដៅទី2 នៅផ្ទះលេខ39 ផ្លូវP10D សង្កាត់និរោធខណ្ឌច្បារអំពៅឃាត់ខ្លួនបានជនជាតិចិនម្នាក់ទៀត ឈ្មោះ Guan Shibo ភេទប្រុស កើតថ្ងៃទី 25/6/1996 ពាក់ព័ន្ធបទល្មើស គ្មានលិខិតឆ្លងដែន។សរុបទាំង2គោលដៅមានចំនួន2នាក់ភេទប្រុស។

សមត្ថកិច្ច បានបន្ថែមថា គោលបំណងធ្វើរដ្ឋបាល គឺដើម្បីស្វែងរកបុរសចិន2នាក់ ពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធអ៊ីនធឺណិតមានឈ្មោះ ZHANG ZHIJANG និងឈ្មោះ WANG SHENGYU ដោយយោងតាមសំណើពីស្ថានទូតចិន ប្រចាំកម្ពុជា បានកំណត់ទូតស្នើសុំ ស្វែងរកឃាត់ខ្លួនរួច បញ្ជូនទៅប្រទេសចិនវិញ។ ក្នុងចំណោម បុរសចិន 2នាក់ ដែលបានឃាត់ខ្លួន គឺបុរសឈ្មោះ ZHANG ZHIJIANG ជាប់ពាក់ព័ន្ធ។

បច្ចុប្បន្ននេះ ជនជាតិចិនទាំង2នាក់ ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបញ្ជូនបន្ត ទៅនាយកដ្ឋានជំនាញ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ