• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤០ ព្រឹក

បញ្ជៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងពិធីអបអរសាទរខួបលើកទី 24 នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ÷នៅព្រលប់ថ្ងៃទី 22 ខែធ្នូឆ្នាំ 2022 រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្ដីពី ការបញ្ជៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីអបអរសាទរខួបលើកទី 24 នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា ក្រសួងការពារជាតិ នឹងរៀបចំពិធីអបអរសាទរខួបលើកទី 24 នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន ឈ្នះឈ្នះ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យ សេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ដើម្បីឲ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ជៀសចរាចរណ៍ និងផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានជំនិតគ្រប់ប្រភេទឆ្លងកាត់កំណត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ 6 នៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2022 ចាប់ពីវេលាម៉ោង 5:00នាទីរហូតដល់ម៉ោង 12 :00 នាទី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើ មេត្តាជ្រាបយោគយល់អធ្យាស្រ័យ និងបញ្ជៀស ការធ្វើដំណើរឆ្លងកាត់ ទីតាំងប្រារព្ធពិធី តាមកាលបរិច្ឆេទខាងលើ ដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ។នឹងបើកឲ្យចរាចរណ៍ជាធម្មតាវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តន៍ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ