• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០៦ ព្រឹក

សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត្រ

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។  

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងមានមោទនភាព ចំពោះការកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលក្នុងខេត្តព្រះសីហនុ។ សមិទ្ធផលទាំងនេះមិនត្រឹមបម្រើជាប្រយោជន៍សម្រាប់អ្នកខេត្តព្រះសីហនុ តែគឺសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រឹងប្រែងសាងសង់ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ស្ទឹងហាវ និងក្រុងព្រះសីហនុ។បើទោះបីមានផ្លូវល្បឿនលឿន ឬផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុក៏ដោយ បើគ្មានផ្លូវតភ្ជាប់១៤៦បេ និង១៤៨ទេ ពលរដ្ឋក្នុងខេត្តព្រះសីហនុនៅតែលំបាក។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែផ្តល់អាទិភាពដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការលំបាកធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។ ថវិកាជាតិដែលទម្លាក់មកកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុសរុប ៤០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវតែទប់ស្កាត់ ហើយផ្លូវត្រូវតែសាងសង់ឱ្យមានគុណភាព។សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋត្រូវលុបបំបាត់វប្បធម៌ខ្លាចនគរបាលចរាចរណ៍ជាងការគោរពច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នគរបាលចរាចរណ៍មិនផាកពិន័យឡើយ បើមិនខុសច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ