• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៦ ព្រឹក

ធនាគារ ពិភពលោក ផ្តល់ ឥណទាន ជាង ២៧០ លានដុល្លារ ស្តារសេដ្ឋកិច្ច និង ពង្រឹង ភាព ធន់ នៅកម្ពុជា

ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ឥណទានចំនួន២៧៤លានដុល្លារបន្ថែមទៀតដល់ប្រទេសកម្ពុជាដើម្បីជួយស្តារសេដ្ឋកិច្ចប្រទេសឱ្យងើបឡើងវិញក្រោយ រងផលប៉ះពាល់ដោយវិបត្តិនានា។ ធនាគារពិភពលោក មើលឃើញថាការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ពេលនេះនឹងជួយដល់កំណែទម្រង់សម្រាប់ជំរុញកំណើននិងពង្រឹងភាពធន់របស់កម្ពុជា។ នេះបើតាមការ ប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។

 

បើតាមធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជា បានរងនូវការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ២០២០ ជាការធ្លាក់ចុះដ៏ខ្លាំងលើក ដំបូង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។

ជាមួយគ្នានេះ សង្គ្រាមអ៊ុយក្រែននៅតែបន្ត ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅអាមេរិកដែលជាទីផ្សារធំរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន ដែលកត្តាទាំងអស់នេះសុទ្ធសឹងតែជះឥទ្ធិពលមិនល្អមក លើវិស័យពាណិជ្ជកម្ម របស់កម្ពុជា ខណៈកម្ពុជាក៏រងគ្រោះខ្លាំងដោយការប្រែប្រួលអាកាសធាតុ។កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៤,៨% នៅឆ្នាំ២០២២ ហើយកើនដល់ ៥,២%នៅឆ្នាំ២០២៣ខាងមុខ។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា យុទ្ធសាស្ត្ររស់នៅជា មួយកូវីដ-១៩ បានជួយស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញក៏ពិតមែន ក៏ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះ ដោយសារចរន្តធ្លាក់ ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកលនៅឡើយ។ ហិរញ្ញប្បទានរបស់ World Bank នេះ នឹងជួយទ្រទ្រង់ដល់កំណែទម្រង់ ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការ ប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមនឹងអត្ថប្រយោជន៍ផ្សេងៗ ទៀតរបស់រដ្ឋាភិបាលកម្ពុជា។

ធនាគារពិភពលោក កត់សម្គាល់ថា ទោះជាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញនៅឆ្នាំ២០២១ និងឆ្នាំ២០២២ក៏ដោយ តែលទ្ធភាពទទួលបានអត្រាកំណើនដ៏រឹងមាំ ដែលកម្ពុជាធ្លាប់មានកាលពីមុនវិបត្តិកូវីដ-១៩ ក្នុងរង្វង់៧% ពិតជានឹង មិនងាយរកបានទេ។

ធនាគារពិភពលោកបានផ្តល់ជំនួយហិរញ្ញប្បទានចំនួនជាង ៦៩ លានដុល្លារ កាលពីខែមករា ដើមឆ្នាំ២០២២ ដើម្បីជួយ កម្ពុជា ក្នុង ការធ្វើ ឲ្យកាន់តែ ប្រសើរនូវ លទ្ធភាពប្រកបដោយសមធម៌ក្នុង ការ ទទួលបាន ការអប់រំជាមូលដ្ឋាន និង ការ ឆ្លើយតបឲ្យ បាន រហ័សទៅនឹង វិបត្តិនានា ដែលប៉ះពាល់ ដល់ ប្រព័ន្ធអប់រំក្នុងប្រទេស។  ធនាពិភពលោកក៏បាន ផ្តល់ហិរញ្ញប្បទានចំនួន ១១៣លានដុល្លារ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ សម្រាប់ជួយលើកកម្ពស់លទ្ធភាព ទទួលបាន សេវា ថែទាំសុខភាពមានគុណភាពនៅកម្ពុជាពីរដំណាក់កាលផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ