• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៧ ព្រឹក

រាជរដ្ឋាភិបាល គ្រោងអភិវឌ្ឍមុខរបរ គ្រួសារក្រីក្រ ដើម្បីបង្កើនប្រាក់ចំណូល សម្រួលជីវភាព

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងជួយអភិវឌ្ឍមុខរបរដល់គ្រួសារក្រីក្រ ដើម្បីបង្កើនប្រាក់ចំណូលធ្វើឱ្យជីវភាពរស់នៅកាន់ តែប្រសើរឡើង។

ថ្លែងក្នុងកិច្ចសន្ទនាប្រចាំឆ្នាំ ស្តីពីកិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងសិទ្ធិឌីជីថលនៅកម្ពុជា ក្រោមប្រធានបទ រួមគ្នា ដើម្បីអនាគតកាន់តែប្រសើរនៅព្រឹកថ្ងៃទី២០ធ្នូ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ថា នាពេលអនាគតរាជ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីកញ្ចប់គ្រួសារ និងកំពុង សិក្សារៀបចំគម្រោងបញ្ចប់ភាពក្រីក្រសំដៅទៅដល់កម្មវិធីផ្ទេរសាច់ប្រាក់ពីជំនួយសង្គ្រោះទៅជាកម្មវិធីផ្ទេរប្រាក់សម្រាប់ជួយអភិវឌ្ឍគ្រួសារវិញ។

លោករដ្ឋមន្ត្រីប្រតិភូបានបន្តថា តាមរយៈកម្មវិធីនេះនឹងជួយអភិវឌ្ឍមុខរបរបង្កើនប្រាក់ចំណូលដើម្បីធ្វើឱ្យជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋកាន់ តែប្រសើរឡើងសំដៅធ្វើយ៉ាងណាឱ្យគ្រួសារក្រីក្រអាចមានលទ្ធភាពរកប្រាក់ចំណូល ចិញ្ចឹមគ្រួសារដោយមិនពឹងផ្អែកទាំងស្រុងលើរបបថវិកាដែលរាជរដ្ឋាភិបាល បានផ្ដល់ជួនតាមរយៈកម្មវិធីផ្ទេរ សាច់ប្រាក់ជំនួយសង្គម។

លោករដ្ឋមន្ត្រីប្រតិភូបានបន្តទៀតថា គិតត្រឹមថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២នេះ មានគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ទទួលបានប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាលជាង៧០ម៉ឺនគ្រួសារ ស្មើនឹងជាង៣លាននាក់ ដោយចំណាយថវិកា ៣៥៩៨៦៨៨០៧១០០០រៀល ប្រហែលជិត៩០០លានដុល្លារ។ ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ២៨,៨៥៤៥នាក់ ចំណាយថវិកា ៨៧០៣៦៩៦០០០០រៀល ប្រហែល ២១លានដុល្លារ ឧបត្ថម្ភដល់គ្រួសារ រងគ្រោះដោយហានិភ័យអតិផរណាចំនួន ២៦,០៥៤គ្រួសារ ចំណាយថវិកា ៣៦៤៦៣៩០១៨០០រៀល ប្រហែលជាង៩លានដុល្លារ និងឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៩៩,១៦៩គ្រួសារ ចំណាយថវិកា ១៥៥ ៩៩៦ ៩៦០ ០០រៀលប្រហែលជិត ៤លានដុល្លារ។

លោកបន្ថែមទៀតថា កិច្ចសន្ទនាប្រចាំឆ្នាំនាពេលនេះធ្វើឡើងដើម្បីឱ្យមានទំនាក់ទំនងទៅវិញទៅមក រវាងអង្គការ សង្គមស៊ីវិល និងអ្នកបង្កើតគោលនយោបាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា នាំមកនូវសំឡេងរួម ក្នុងការដោះ ស្រាយបញ្ហាប្រឈម នៃ ការអភិវឌ្ឍ និងដើម្បី ឆ្នុះបញ្ចាំងអំពីតួនាទីរបស់អ្នកពាក់ព័ន្ធ ដែលរួមចំណែក ដល់ការស្តារ សេដ្ឋកិច្ច និង សង្គមឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ