• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២៦ ល្ងាច

ខួប 24 ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជានឹងធ្វើឡើងយ៉ាងមហោឡារិកមានអ្នកចូលរួមជិត 5 ពាន់នាក់

ភ្នំពេញ÷នៅក្នុងឱកាសខួប 24 ឆ្នាំនៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះនឹងមានការប្រារព្ធពិធីអបអរសាទរយ៉ាងមហោឡារិកក្រោមការចូលរួមពីមហាជនសរុបជិត 5 ពាន់នាក់។

កម្ពុជាបានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សាអស់រយៈពេលប្រមាណ 3 ទសវត្សរ៍ក្រោយការធ្វើរដ្ឋប្រហារដោយខុសច្បាប់នាថ្ងៃទី 18 ខែមីនាឆ្នាំ 1970 ។ភ្លើងសង្គ្រាមដែលបង្កាត់ឡើងនៅថ្ងៃទី 18 ខែមីនាឆ្នាំ 1970 បានឆេះរោលរាលបំផ្លិចបំផ្លាញនាវាកម្ពុជាស្ទើរក្លាយជាផេះផង់។ភ្លើងសង្គ្រាមដែលបង្កាត់ឡើងត្រឹមតែមួយថ្ងៃបានឆេះរោលរសលរហូតដល់ទៅ 3 ទសវត្សរ៍។ភ្លើងសង្គ្រាមនេះត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី 29 ខែធ្នូឆ្នាំ 1998 ថ្ងៃដែលមេដឹកនាំខ្មែរក្រហមមកសុំរួមរស់នឹងរាជរដ្ឋាភិបាល។

ភ្លើងសង្គ្រាមនេះបានផុតរលត់ទៅក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះដែលមានសម្ដេចតេជោហ៊ុនសែនជាស្ថាបនិក។ការបិទបញ្ចប់សង្គ្រាមមួយនេះវាបានក្លាយជាពេលវេលាដែលកម្ពុជារកឃើញនៅសុខសន្តិភាព,រកឃើញនូវការឯកភាពជាតិនិងទឹកដីជាថ្មីក្រោយការបែកបាក់ចក្រភពអង្គរដែលមានរយៈពេលយ៉ាងហោចណាស់ 500 ឆ្នាំ។

នៅឆ្នាំ 2018 រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមប្រារព្ធពិធីអបអរសាទរថ្ងៃបិទបញ្ចប់ភ្លើងសង្គ្រាមនេះដើម្បីរំលឹកដល់គំរូវីរភាពស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះក៏ដូចជាបញ្ជ្រាបឲ្យប្រជាពលរដ្ឋខ្មែរបានដឹងពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះដែលជាបុព្វហេតុនាំមកនូវសុខសន្តិភាពបិទបញ្ចប់ភ្លើងសង្គ្រាមនិងនាំមកនូវការអភិវឌ្ឍសម្រាប់សង្គមជាតិដូចពេលបច្ចុប្បន្ន។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី 15 ខែធ្នូឆ្នាំ 2022 នាយឧត្តមសេនីយ៍ឥតសារ៉ាត់អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទគូសបញ្ជាក់ថានៅឆ្នាំ 2022 នេះពិធីអបអរសាទរខួប 24 ឆ្នាំនៃទិវានយោបាយឈ្នះ-ឈ្នះនេះនឹងត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក។នាយឧត្តមសេនីយ៍បានបញ្ជាក់ថាអ្នកចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះមានប្រមាណ 4688 នាក់។ក្នុងនោះគណៈអធិបតីភ្ញៀវជាតិនិងអន្តរជាតិសរុប 272 នាក់,ព្រះសង្ឃ 7 អង្គ,កងកម្លាំងប្រដាប់អាវុធរួមទាំងកាយរិទ្ធិ 9 ផែនស្មើនឹង 2,315 នាក់,ផែនយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា,កាយរិទ្ធិ,កាកបាទក្រហម 894 នាក់,ផែនប្រជាពលរដ្ឋ 1,200 នាក់។

នាយឧត្តមសេនីយ៍ឥតសារ៉ាត់បានលើកឡើងថាការប្រារព្ធខួបនេះមានសារៈសំខាន់ណាស់ដែលត្រូវធ្វើឡើងរៀងរាល់ឆ្នាំ។៊ដើម្បីឲ្យប្រជាពលរដ្ឋយល់ជ្រួតជ្រាបពីនយោបាយឈ្នះ-ឈ្នះគាំទ្ររាល់សកម្មភាពនៃនយោបាយឈ្នះ-ឈ្នះដឹងគុណនិងកតញ្ញូចំពោះវីរជនជាពិសេសស្ថានិកនិងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដែលបានលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិរហូតបានបញ្ចប់សង្គ្រាមទាំងស្រុង។

លោកឥតសារ៉ាត់បញ្ជាក់ដូច្នេះ"ថ្ងៃ 29 ខែធ្នូជាថ្ងៃបញ្ចប់សង្គ្រាមនេះមានអត្ថន័យនិងសារៈសំខាន់ណាស់ចំពោះជាតិមាតុភូមិរបស់យើង។វាជាប្រវត្តិសាស្រ្តរបស់ប្រជាជាតិខ្មែរទាំងមូលផងដែរព្រោះថាការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានេះវាមានអត្ថន័យធំធេងណាស់ចំពោះប្រជាជាតិយើងដែលបានបញ្ចប់សង្គ្រាមស៊ីវិលដែលមានរយៈពេលយ៉ាងយូរមកហើយនេះ។ការបញ្ចប់សង្គ្រាមស៊ីវិលនេះដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង"។

នាយឧត្តមសេនីយ៍ឥតសារ៉ាត់បន្តថាកម្ពុជារបស់យើងបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ពីសង្គ្រាមរ៉ាំរ៉ៃពីការបែកបាក់ជាតិនិងបែងចែកទឹកដីពីខឿនសេដ្ឋកិច្ចជាតិត្រូវបានខ្ទេចខ្ទាំរហូតមកដល់បច្ចុប្បន្នយើងមានសុខសន្តិភាព,មានសេរីភាពនិងមានការអភិវឌ្ឍលើគ្រប់វិស័យហើយធ្វើឲ្យប្រជាពលរដ្ឋរបស់យើងរស់នៅដោយសុខសាន្ត។នេះជាសមិទ្ធផលមួយធំណាស់ដែលយើងត្រូវតែចូលរួមថែរក្សា"។

នាយឧត្តមសេនីយ៍ឥតសារ៉ាត់បានឲ្យដឹងផងដែរថាទន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរនេះនឹងមានការសម្ពោធសួនសមិទ្ធផលមួយចំនួនដែលទើបសាងសង់រួចរាល់នៅបរិវេណវិមានឈ្នះ-ឈ្នះ។សមិទ្ធផលដែលសម្ពោធនោះមានដូចជាសមិទ្ធផលរបស់កងយោធពលខេមរភូមិន្ទ,សន្តិសុខជាតិរួមមានកងរាជអាវុធហត្តនិងនគរបាលជាតិ,សួនស៊ីម៉ាក់និងសួនស្តីពីការកសាងវិមានឈ្នះ-ឈ្នះ។

ក្នុងព្រឹត្តិការណ៍នោះក៏មានការរៀបចំតាំងពិព័ណ៍ស្ដីពីការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់កងយោធពលខេមរភូមិន្ទចំនួន 19 ស្តង់។ក្នុងនោះផែនចំណុះក្រសួងការពារជាតិ 12 ស្តង់និងអគ្គបញ្ជាការចំនួន 7 ស្តង់ហើយនៅពេលរាត្រីមានបាញ់កាំជ្រួចថែមទៀតផង។

សូមបញ្ជាក់ថាដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះកាលពីខែមករាឆ្នាំ 2022 កន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាបានចេញចរាចរកំណត់យកទិវានយោបាយឈ្នះ-ឈ្នះថ្ងៃទី 29 ខែធ្នូនៅក្នុងប្រតិទិនប្រចាំឆ្នាំដោយមិនឈប់សម្រាកនោះឡើយ។សារាចរនោះរាជរដ្ឋាភិបាលណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរាជធានីខេត្តនិងគ្រឹះស្ថានសាធារណៈឯកជនត្រូវរៀបចំចងបដាពាក្យស្លោកដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះដែលមានខ្លឹមសារថា"អរគុណសន្តិភាព!អរគុណនយោបាយឈ្នះ-ឈ្នះ!ដឹងគុណស្ថាបនិកមគ្គុទ្ទេសន៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ!"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ