• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៤ ព្រឹក

កម្ពុជា-កូរ៉េ ពង្រឹងកិច្ចសហការលើកម្មវិធីពាក់ព័ន្ធនឹងអគារបៃតង

នាថ្ងៃទី១៣ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២២ នាទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ លោកជំទាវ ងិន លីណា អគ្គនាយិការង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមន្រ្តីជំនាញក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអ្នកប្រឹក្សាយោបល់អគារបៃតងអន្តរជាតិ បានចូលរួមកិច្ចប្រជុំ និងកម្មវិធីពាក់ព័ន្ធនឹងអគារបៃតង។ ប្រតិភូកម្ពុជា ជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Kim Byung-Suk ប្រធានវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ (Korea Institute of Civil Engineering and Building Technology-KICT) និងសហការី ដើម្បីពង្រឹងកិច្ចសហការលើវិស័យអគារបៃតង។ ជាមួយគ្នានេះ ប្រតិភូបាន ចូលរួមសិក្ខាសាលាបច្ចេកទេសស្តីពី អគារបៃតងសម្រាប់កម្ពុជា ដើម្បីពិគ្រោះយោល់ និងចែករំលែកបទពិសោធន៍លើការរៀបចំការអនុវត្តអគារបៃតង និងស្លាកសញ្ញាបៃតង ជាមួយក្រុមការងារ KICT និង KEITI។ បន្ទាប់មកនៅក្នុងឱកាសនៃទស្សនកិច្ចនៅសាថារណរដ្ឋកូរ៉ែ ប្រតិភូកម្ពុជា បានជួបពិភាក្សាជាមួយតំណាងក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន និងក្រសួងការបរទេសកូរ៉េ  ដើម្បីពិភាក្សាការងារ និងចែករំលែកវឌ្ឍនភាពការងារអគារបៃតងកម្ពុជា ផែនការបន្ត និងស្វែងរកលទ្ធភាពសហការបន្តលើការងារអភិវឌ្ឍន៍បៃតង។ លើសពីនេះប្រតិភូកម្ពុជា បានចូលរួមក្នុងកម្មវិធីការរៀបចំម៉ូដែលបៃតងឡើវិញ (Green Remodeling) សម្រាប់អគារកំពុងប្រើប្រាស់ ដែលរៀបចំដោយក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ ដើម្បីស្វែងយល់ពីគោលនយោបាយ និងការអនុវត្តកម្មវិធីរៀបចំម៉ូដែលបៃតងឡើងវិញ(ការកែសម្រួលប្រសិទ្ធភាពថាមពលក្នុងអគារលំនៅឋានកំពុងប្រើប្រាស់) និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការឈានទៅរកអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានបញ្ចប់សេចក្តីព្រាងគោលការណ៍ណែនាំនិងវិញ្ញាប័ត្រកម្មអាគារបៃតង និងបានផ្តល់ការបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងស្តីពីអាគារបៃតង ដល់អន្តរក្រសួង សមាគមសាងសង់ ក្រុមហ៊ុនអចលនទ្រព្យ និងអ្នកពាក់ព័ន្ធ។ ក្រសួងបរិស្ថាននឹងប្រកាសគោលការណ៍ណែនាំនេះអោយប្រើប្រាស់ជាផ្លូវការ និងដាក់អោយអនុវត្តសាកល្បងសម្រាប់អាគារលំនៅដ្ឋាន និងអាគារការិយាល័យនៅកម្ពុជា នាពេលខាងមុខ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ