• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤០ ព្រឹក

រយៈពេល 11 ខែនេះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េមានទឹកប្រាក់ជាង 711លានដុល្លារកើនឡើង1.29%

ភ្នំពេញ÷របាយការណ៍ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាបន្ទាប់ពីបញ្ហាជំងឺកូវីដ19ហាក់ដូចជាបានស្រាកស្រាន្តមកនោះស្ថានភាពសេដ្ឋកិច្ចពាណិជ្ជរបស់ប្រទេសកម្ពុជាបានងើបឡើងវិញគួរឲ្យកត់សម្គាល់។ក្នុងនោះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េក៏បានកើនឡើង1.29% ផងដែរនៅក្នុងរយៈពេល 19 ខែនៅឆ្នាំ 2022 នេះ។

បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េក្នុងរយៈពេល 11 ខែឆ្នាំ 2022 បានកើនឡើង1.29%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ 2021។ទិន្នន័យបន្តបង្ហាញថាចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ 2022 ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េមានទឹកប្រាក់សរុប 711 លានដុល្លារកើនឡើង1. 29%ពីចំនួន 701 លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំ 2021។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាការនាំចេញពីកម្ពុជាទៅកូរ៉េមានទឹកប្រាក់ជាង 207 លានដុល្លារកើនឡើង 20.26 %ពីចំនួន 172 លានដុល្លារនិងការនាំចូលពីប្រទេសកូរ៉េមានទឹកប្រាក់ 503 លានដុល្លារធ្លាក់ចុះ 4.87 %ពីចំនួន 529 លានដុល្លារ។ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់កូរ៉េខាងត្បូងរួមមានសម្លៀកបំពាក់,ស្បែកជើង,កាបូប,គ្រឿងអេឡិចត្រូនិក,គ្រឿងបន្លាស់រថយន្ត,កង់,ផលិតផលធ្វើពីឈើនិងផលិតផលកសិកម្មហើយកម្ពុជានាំចូលមកវិញរួមមានយានយន្ត,គ្រឿងអេឡិចត្រូនិក,សម្ភារៈផ្ទះបាយ,ភេសជ្ជៈ,ថ្នាំពេទ្យនិងផលិតផលប្លាស្ទីក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េទើបបានចូលជាធរមាននៅថ្ងៃទី 1 ខែធ្នូឆ្នាំ 2022រំពឹងថានឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរនឹងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងគ្រោះដោយសារតែវិបត្តិកូវីដ-19 និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោកប៉ែនសុខវិជាតិអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថ្លែងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េនឹងជំរុញការនាំចេញទំនិញរបស់កម្ពុជាព្រមទាំងលើកគុណតម្លៃទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិទៅថ្ងៃខាងមុខនឹងផ្តល់ភាពងាយស្រួលដល់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារទីផ្សារបរទេសទៀតខណៈកម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនជាប្រទេសផលិតទំនិញឧស្សាហកម្មដូចជាគ្រឿងបន្លាស់និងគ្រឿងបង្គំសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រនៅលើសាកលលោក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ