• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៥ ល្ងាច

កម្ពុជាទទួលហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៥លានដុល្លារ តាមរយ:មូលនិធិពីអូស្រ្តាលី សម្រាប់រយៈពេល ៥ឆ្នាំ

កម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៥លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧ ពីកម្មវិធី CAP RED ត្រូវបានហិរញ្ញប្បទានតាមរយ:មូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។  ការលើកឡើងឲ្យដឹងបែបនេះរបស់លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត នាពេលឆាប់ៗខាងមុខ និងដើម្បីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) ជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាង វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ដោយផ្តោតលើវិស័យគោលចំនួន ៤ គឺ ១.ហេដ្ឋារចនាសម្ព័ន្ធ; ២.ពាណិជ្ជកម្ម និងវិនិយោគ; ៣.កសិកម្ម និងកសិឧស្សាហកម្ម; និង ៤.យេនឌ័រ និងបរិយាប័ន្ន ។    លោកឯកអគ្គរាជទូតអូស្រ្តាលី បានសម្តែងនូវសេចក្តីរីករាយ និងអបអរជាថ្មី ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០និងទី ៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។   លោកឯកអគ្គរាជទូតបានសម្តែងនូវមោទនភាពចំពោះសមិទ្ធផល ដែលសម្រេចបានជាផ្លែផ្ការបស់រដ្ឋាភិបាលទាំងពីរ ក្នុងអាណត្តិ បេសកកម្មការទូតរបស់ឯកឧត្ដម ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេស ការសម្រេចបាននូវការផ្ដល់ហិរញ្ញប្បទានឥតសំណង សម្រាប់ជួយកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យ កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, ការគាំពារសង្គម, សកម្មភាពកំចាត់មីននៅកម្ពុជា, ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ថាមពលស្អាត និងការវិនិយោគបៃតង, និងការជួយរៀបចំសេចក្ដីព្រាងឯកសារគោលនយោបាយមួយចំនួនទៀត។   លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្ម ការទូតប្រកបដោយជោគជ័យរបស់ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ។ ទន្ទឹមនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម និងសុខមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយ:ការផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងពេលអន្តរកាលនេះ។   លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះ ចំណងការទូតរវាងរាជរដ្ឋាភិបាលនៃប្រទេសទំាងពីរ ជាពិសេស តាមរយៈកិច្ចខិតខំរបស់ឯកឧត្តមឯកអគ្គរាជទូត Pablo Kang រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់  (Subsidiary Arrangement for CAP RED Program) នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ នេះ។ កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ គឺជាឯកសារគោលសម្រាប់រៀបចំយន្តការជាក់ស្ដែង ដើម្បីឈានដល់ការអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធី CAP RED ដែលជាក្របខណ្ឌរួមនៃការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ