• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៩ ព្រឹក

ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំ"បូកសរុបលទ្ធផលការងារស្របតាមផែនទីចង្អុលផ្លូវគិតត្រឹម ឆមាសទី១ឆ្នាំ២០២២"

ភ្នំពេញ៖តាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍បានឲ្យដឹងថាលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ_១៩បានរៀបចំកិច្ចប្រជុំ"បូកសរុបលទ្ធផលកាងារស្របតាមផែនទីចង្អុលផ្លូវគិតត្រឹមឆមាសទី១ឆ្នាំ២០២២"។
នៅព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២នាទីស្តីការក្រសួងទេសចរណ៍លោកថោងរដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានលេខាធិការដ្ឋានស្តីទីនៃក្រុមការងាររាធរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ_១៩បានដឹកនាំកិច្ចប្រជុំ"បូកសរុបការងារឆមាសទី១ឆ្នាំ២០២២របស់លេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ_១៩"ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវប្រធានអង្គភាពនាយកដ្ឋានពាក់ព័ន្ធទទួលខុសត្រូវនិងឯកឧត្តមលោកលោកស្រប្រធានមន្ទីរទេសចរណ៍រាជធានី_ខេត្តតាមរយៈប្រព័ន្ធវីដេអូZoomសរុបប្រមាណ៧០នាក់។


ថ្លែងក្នុងកិច្ចប្រជុំនេះលោកថោងរដ្ឋសក្តិបានបញ្ជាក់ពីស្ថានភាពភ្ញៀវទេសចរអន្តរជាតិជារួមដែលកំពុងមានកំណើនត្រឡប់មកវិញជាបណ្តើរៗដោយក្នុងនោះគិតត្រឹម៦ខែដើមឆ្នាំ២០២២នេះស្ថានភាពទេសចរណ៍ក្នុងតំបន់អ៉ឺរ៉ុបនិងអាមេរិកមានការកើនឡើងពី២០%_២៥%និងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើង១%ដោយសារមិនទាន់មានដំណើរការទេសចរជនជាតិចិន។ក្នុងនោះផងដែរក្នុងខែកក្កដាឆ្នាំ២០២២នេះកម្ពុជាទទួលបានការហោះហើរចូលមកបន្ថែមគួរឲ្យកត់សម្គាល់។លោកបានមានប្រសាសន៍ថាបច្ចុប្បន្ននេះកម្ពុជាបានទទួលទេសចរអន្តរជាតិជារួមកើនឡើងជិត១៥០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
បច្ចុប្បន្ននេះប្រទេសជាសមាជិកអាស៊ានទាំងអស់កំពុងដាក់អាទិភាពអនុវត្តន៍ផែនការសកម្មភាពឆ្នាំ២០២២_២០២៣លើស្ថានភាពទេសចរណ៍ដោយផ្តោតសំខាន់ចំនួន៣ចំណុចគឺ៖
១.ជំរុញបន្ថែមនូវការស្តារសេដ្ឋកិច្ចឡើងវិញរួមជាមួយនឹងការគិតគូរពីបរិស្ថាននិងការប្រែប្រួលអាកាសធាតុ
២.ការធ្វើឌីជីថលូបណីយកម្ម
៣.ការគិតគូរពីការរៀបចំសហគមន៍ទេសចរណ៍អេកូទេសចរណ៍ជាផលិតផលទាក់ទាញទេសចរណ៍បន្ថែមពីនេះទៀតលោកថោងរដ្ឋសក្តិបានពិនិត្យលើលទ្ធផលការងារដែលសម្រេចបានជារួមកន្លងមកនិងបានវាយតម្លៃថាអង្គភាពពាក់ព័ន្ធទាំងអស់បានបំពេញការងារស្របតាមផែនទីចង្អុលផ្លូវដោយសម្រេចបាន៨០%បើគិតត្រឹមឆមាសទី១ឆ្នាំ២០២២នេះ។យ៉ាងណាមិញលេខាធិការដ្ឋានរង់ចាំរបាយការណ៍បន្ថែមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដើម្បីដាក់បញ្ចូលនិងបំពេញបន្ថែមក្នុងរបាយការណ៍សមិទ្ធផលរបស់ក្រុមការងារ។


ជាចុងក្រោយលោកថោងរដ្ឋសក្តិបានសំណូមពរដូចខាងក្រោម៖
ទី១ស្នើលោកប្រធានលេខាធិការដ្ឋាននៃអនុក្រុមកាងារទាំង៣ដើរតួនាទីបន្ថែមលើកិច្ចការសម្រប
សម្រួលជាមួយគ្រប់នាយកដ្ឋាននិងអង្គភាពដែលពាក់ព័ន្ធសម្រាប់អនុក្រុមការងាររៀងៗខ្លួនដើម្បីពន្យល់និងជំរុញដល់នាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធទាំងនោះបំពេញសកម្មភាពរបស់ខ្លួនឲ្យបានទាន់ពេលវេលា។
ទី២ស្នើលោកប្រធានលេខាធិការដ្ឋាននៃក្រុមការងារទាំង៣រៀបចំជារបបរបាយការណ៍និងរបបប្រជុំជាប្រចាំសម្រាប់អនុក្រុមការងាររៀងៗខ្លួនដើម្បីប្រមូលលទ្ធផលពីនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធជាប្រចាំខែឬយ៉ាងហោចប្រចាំត្រីមាសនិងធ្វើការបូកសរុបរួមនឹងការវាយតម្លៃជាមុនមុននឹងបញ្ជូនមកលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនធ្វើការបូកសរុប។


ទី៣.ស្នើលោកលោកស្រីប្រធានអង្គភាពនាយកដ្ឋានពាក់ព័ន្ធមេត្តាតាមដានសកម្មភាពអនុវត្តន៍ប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់និងស្នើសុំការបញ្ជាក់ពីលេខាធិការដ្ឋានភ្លាមៗក្នុងករណីមានចម្ងល់ឬយល់ថាជាន់ភារកិច្ចនៅក្នុងចំណុចសកម្មភាពអនុវត្តន៍ណាមួយដើម្បីជំរុញការងារទៅមុខ។សម្រាប់លទ្ធផលការងារដែលសម្រេចបានទាំងនេះនឹងដាក់ផ្សព្វផ្សាយរួមសម្រាប់សមិទ្ធផលការងាររបស់ក្រសួងទេសចរណ៍ក្នុងអង្គសន្និបាតបូកសរុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ដល់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២នាពេលខាងមុខនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ