• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៥ ព្រឹក

បុរសម្នាក់ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យមនុស្សរងរបួស4នាក់រំលងអធ្រាត្រ

ភ្នំពេញ÷ក្មេងស្ទាវមួយក្រុមបានដេញវ៉ៃនិងកាប់បុរស2នាក់នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ខណៈនោះក៏មានបុរសម្នាក់ដែលអង្គុយហូបបាយនៅក្នុងហាងបាយក្បែរកន្លែងកើតហេតុឃើញដូច្នេះក៏ចេញមកក្រៅដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន1គ្រាប់ដើម្បីបំបែកហ្វូងក្មេងស្ទាវតែពួកក្មេងមិនខ្លាចក៏ស្ទុះចូលមកធ្វើឲ្យបុរសដែលមានកាំភ្លើងខ្លីបាញ់បន្ថែមជាច្រើនគ្រាប់ទៀតតម្រង់ទៅក្មេងស្ទាវទាំងនោះបណ្ដាលឲ្យរងរបួសចំនួន4នាក់រួចខ្មាំងកាំភ្លើងឡើងជិះរថយន្តព្រូសមិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោលទៅ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង 1និង00នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី 12 ខែធ្នូឆ្នាំ 2022 នៅចំណុចមុខហាងមួយកន្លែងម្ដុំច្រមុះជ្រូកក្បាលថ្នល់តាមបណ្ដោយផ្លូវព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។តាមសម្ដីជនរងគ្រោះបានប្រាប់ថាដំបូងឡើយពួកគាត់2នាក់មានទំនាស់ពាក្យសម្ដីជាមួយនឹងក្មេងស្ទាវមួយក្រុមជិះម៉ូតូចំនួន 3 គ្រឿងបានជិះម៉ូតូដេញគ្នាតាមបណ្ដោយផ្លូវ271 ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុពួកគាត់ក៏បានឈប់ម៉ូតូពេលនោះពួកក្មេងស្ទាវក៏ចុះពីម៉ូតូហើយនាំគ្នាយកដុំថ្មគប់និងយកកាំបិតប័ុងតោដេញកាប់ពួកគាត់ពេញមុខហាងបាយ។ជនរងគ្រោះបានបន្តថាភ្លាមៗនោះក៏មានបុរសម្នាក់កំពុងតែហូបបាយនៅទីនោះបានដកកាំភ្លើងខ្លីបាញ់ឡើងលើ1គ្រាប់ដើម្បីបំបែកក្រុមក្មេងស្ទាវតែដោយសារក្មេងស្ទាវទាំងនោះមិនខ្លាចបានដើរចូលទៅរកបុរសដែលមានកាំភ្លើងបម្រុងនឹងកាប់ក៏បុរសដែលមានកាំភ្លើងនោះបាញ់តម្រង់ទៅរកក្មេងស្ទាវទាំងនោះបណ្ដាលឲ្យរងរបួសចំនួន 4 នាក់។រួចភ្លាមៗនោះបុរសដែលបាញ់បានឡើងជិះរថយន្តព្រូសមិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោលទៅ។ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានមកដល់កន្លែងកើតហេត្តប្រមូលយកសំបកគ្រាប់និងស្រោមកាំភ្លើងព្រមទាំងយកបក្ខពួកក្មេងស្ទាវម្នាក់ដែលសួរនាំ។ចំណែកឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ