• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥០ ព្រឹក

រយៈពេល២ថ្ងៃ មានភ្ញៀវ៤៦ម៉ឺននាក់ចូលទស្សនាបុណ្យសមុទ្រនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ÷រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២២ នៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ៤៦ម៉ឺននាក់។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានថ្លែងប្រាប់ Fresh News នាថ្ងៃទី១១ ខែធ្នូនេះ។ពិធីបុណ្យបើកជាផ្លូវការត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី១០ ខែធ្នូយប់មិញ រួមជាមួយការថ្លែងសុន្ទរកថារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយផ្ដោតលើចំណុចជាច្រើនប្រការ ការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៉ី ថៃ វៀតណាមជាដើម) ការសម្ដែងរបាំ និងសិល្បចម្រៀងប្រពៃណីជាដើម។ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា «រយៈពេល២ថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ គឺមានភ្ញៀវទេសចរននិងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៤៦ម៉ឺននាក់ ក្នុងនោះថ្ងៃទី១ (ថ្ងៃទី៩) មានភ្ញៀវប្រមាណ១៦ម៉ឺននាក់ និងថ្ងៃទី២ (ថ្ងៃទី១០) ដែលជាថ្ងៃបើកពិធីបុណ្យសមុទ្រជាផ្លូវការនោះមានភ្ញៀវនិងប្រជាពលរដ្ឋចូលរួមកម្សាន្តប្រមាណ៣០ម៉ឺននាក់»។លោក តាំង សុចិត្រគ្រឹស្នា បានបន្តថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងព្រឹត្តិការបុណ្យសមុទ្រនេះ គឺមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ ខណៈការធ្វើដំណើរនៅតាមដងផងគឺមានការមមាញឹកបន្តិច។លោកប្រធានមន្ទីរបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះដែរ ក៏មានឆាកប្រគំតន្ត្រី៥ឆាកធំៗនៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងសកម្មភាពកម្សាន្តជាច្រើនទៀត ដែលបានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនដូច្នេះ។នៅវេលាយប់នេះនៅមានការសម្ដែងសិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត គួច ចំរើន។ ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគឺអាចចូលទស្សនាកម្សាន្តដោយសេរី។ក្រៅពីនេះក៏មានការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលាតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់។គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩នេះរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕

 

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ