• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៨ ព្រឹក

ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជាចក្រភពអង់គ្លេសក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2022 សម្រេចបានប្រមាណ 837.66 លានដុល្លារអាមេរិក

ភ្នំពេញ÷តាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មនៅព្រលប់ថ្ងៃទី 8 ខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថាលោកថុលណារ៉ាអគ្គនាយករងពាណិជ្ជកម្មអន្តរជាតិជាតំណាងឯកឧត្តមអគ្គនាយយប់ពាណិជ្ជកម្មអន្តរជាតិកាលពីព្រឹកមិញនេះបានទទួលជួបប្រតិភូអង់គ្លេសដែលដឹកនាំដោយលោកស្ទូវើតក្លេតុន(Stewart Clayton)ប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជាអមដោយកញ្ញាព្រីយ៉ាសូនី(Priya Soni)មន្ត្រីទទួលបន្ទុកពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចក្រភពអង់គ្លេសនិងលោកអែនហ្វ្រេនកែល(Iain Frenkiel)មន្ត្រីទទួលបន្ទុកបើកច្រកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៉ីហ្វិកដើម្បីផ្លាស់ប្តូរកិច្ចពិភាក្សាលើវឌ្ឍនភាពនិងកាលានុវត្តភាពនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាពិសេសកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ជាកិច្ចស្វាគមន៍ភាគីកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាពនិងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរជាពិសេសខណៈពេលដែលប្រទេសទាំងពីរគ្រោងនឹងប្រារព្ធខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល 70 ឆ្នាំនៅក្នុងឆ្នាំ 2023 ខាងមុខនេះ។ភាគីកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេសសម្រាប់ការផ្ដល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរួមមានកម្ពុជាផងដែរដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងបានស្នើសុំឲ្យមានការជួយគាំទ្រដល់កម្ពុជាបន្ថែមក្នុងខណៈពេលដែលប្រទេសកម្ពុជានឹងចាកចេញពីក្របខណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។

ភាគីកម្ពុជាក៏បានជម្រាបជូនពីវឌ្ឍនភាពនានាដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្មនិងទិសដៅអាទិភាពពាណិជ្ជកម្មកម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោកនិងការធ្វើពិពិធកម្មទីផ្សារនាំចេញឲ្យកាន់តែធំទូលាយថែមទៀតព្រមទាំងតម្រូវការចាំបាច់ក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្មនិងភាពត្រកួតប្រជែងសំដៅស្ដារឡើងវិញនិងបង្កើនភាពធន់នៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតកូវីដ19។
ដើម្បីចាប់យកកាលានុវត្តភាពនៃពាណិជ្ជកម្មទ្វេភាគីនាពេលអនាគតជាពិសេសលើការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងវិស័យឯកជននៃប្រទេសទាំងពីរកិច្ចប្រជុំក៏បានពិភាក្សានិងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងចក្រភពអង់គ្លេសស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នានាពេលខាងមុខដែលអនុស្សរណៈនៃការយោគយល់នេះនឹងក្លាយជាឧបករណ៍សម្រាប់តភ្ជាប់ទំនាក់ទំនងវឌ្ឍនភាពកិច្ចសហប្រតិបត្តិការនិងចែករំលែកនូវកាលានុវត្តភាពនានារវាងដៃគូធុរកិច្ចនៃប្រទេសទាំងពីរ។ជាកិច្ចបញ្ចប់អគ្គនាយករងបានលើកពីចំហយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេសនិងបានថ្លែងអំណរគុណដល់ប្រតិភូចក្រភពអង់គ្លេសនិងសហការីដែលបានខិតខំប្រឹងប្រែងនិងសហការយ៉ាងស្អិតល្មួតជាមួយភាគីកម្ពុជាព្រមទាំងស្នើឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តចូលរួមក្នុងការសហការជាបន្តបន្ទាប់ដើម្បីបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងដៃគូវិស័យឯកជននិងធុរកិច្ចប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។សូមគូសបញ្ជាក់ថា÷ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជាចក្រភពអង់គ្លេសក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2022 សម្រេចបានប្រមាណ 837.66 លានដុល្លារអាមេរិកជាមួយនឹងកំណើនប្រមាណជិត 7%បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2021៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ