• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៣ ល្ងាច

ជប៉ុនសាទរចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំអាស៊ានបានជោគជ័យ និងគ្រប់គ្រងកូវីដបានល្អ

នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី ៨ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្ដម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងជំរាបលាខណៈឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានបញ្ជាក់ថា នៅក្នុងជំនួបនេះឯកឧត្តម Mikami Masahiro បានគោរពអបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះជោគជ័យនៃការៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក៏ដូចជាការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដែលដឹកនាំកម្ពុជាឱ្យមានសុខសន្តិភាព អភិវឌ្ឍន៍រីកចំរើន។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះឯកឧត្តម មីកាមី ដែលបានធ្វើសកម្មភាពយ៉ាងច្រើនក្នុងនោះមានដូចជា ជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រៀបចំឲ្យមានការចូលចតនាវាជប៉ុនចំនួនពីរដងនៅកម្ពុជា។ រៀបចំឲ្យមានជំនួបរវាងសម្ដេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនចំនួន៤ ដងក្នុងមួយឆ្នាំ។ រៀបចំឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រួមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន។ ជំ រុញវិនិយោគជប៉ុនឱ្យមកកម្ពុជា។ ការធ្វើខួបក្រុមហ៊ុនមីនីបៀរ និងដំណើរការគម្រោងរបស់ជប៉ុនទាំងអស់នៅកម្ពុជាឲ្យដំណើរការបានល្អ ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺ covid ក៏ដោយ។ សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តម មីកាមី ដែរថា ករណីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ជាគោលការណ៍ច្បាប់ និងគុណធម៌ គឺខុសគ្នា។ ដោយឡែកករណីមីយ៉ាន់ម៉ា សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយឱ្យមីយ៉ាន់ម៉ាវិលត្រឡប់ទៅគន្លងប្រក្រតីភាពវិញ ហើយពេលនេះគឺទុកជូនប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានបន្តវេនដោះស្រាយបន្ត។

សម្ដេចតេជោ ក៏បានជូនពរឱ្យឯកឧត្តមមីកាមីទទួលបានជោគជ័យបន្ថែមទៀតក្នុងបេសកកម្មរបស់ឯកឧត្តមនាពេលអនាគតផងដែរ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ