• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៥ ព្រឹក

អង្គភាពប្រឆាំងអំពើពុករលួយចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង 5 ធ្នូ2022

ភ្នំពេញ÷នៅថ្ងៃទី7ខែធ្នូឆ្នាំ 2022 ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង 5 ធ្នូ 2022។ឆ្នាំ 2022 ជាឆ្នាំទី 8 និងជាលើកទី 9 ដែលអង្គភាពប្រឆាំងអំពើពុករលួយ។(អ.ប.ព)បានសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទិតិយភូមិ។

ក្នុងសម័យប្រឡង 5 ធ្នូ 2022 នេះមានថ្នាក់ដឹកនាំមន្ត្រីអ.ប.ព.និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង 3 ពាន់នាក់ដោយក្នុងនោះអ.ប.ព.បានរៀបចំមន្ត្រីប្រចាំតាមមណ្ឌលប្រឡងមួយនាក់ក្នុងមួយមណ្ឌលប្រឡងនិងបានដាក់ពង្រាយអ្នកសង្កេតការស្ម័គ្រចិត្តដោយអនុវត្តន៍តាមនិយាមមួយនាក់សង្កេតពីរបន្ទប់នៅគ្រប់មណ្ឌលប្រឡងទាំង 221 មណ្ឌលត្រូវជា 5174 បន្ទប់ទូទាំងរាជធានី-ខេត្តដើម្បីធានាឲ្យបាននូវគោលការណ៍ទាំងបួននៃការប្រឡងគឺគោលការណ៍ច្បាប់,យុត្តិធម៌,តម្លាភាពនិងលទ្ធផលទទួលយកបាន។

តាមរយៈការសង្កេតការណ៍លើការរៀបចំនិងការប្រព្រឹត្តទៅនៃដំណើរការសំណេរអ.ប.ព.សូមធ្វើការវាយតម្លៃខ្ពស់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំយុវជននិងកីឡាអាជ្ញាធរដែនដីកងកម្លាំងសមត្ថកិច្ចមន្ត្រីសុខាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់គោរពបទបញ្ញត្តិជាធរមាននិងមានចំណាត់ការឆ្លើយតបបានយ៉ាងទាន់ពេលវេលាលើរាល់បាតុភាពនានាដែលកើតមានឡើងជាយថាហេតុ។

អ.ប.ព.ក៏សូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ដែលបានរៀបចំអ្នកសង្កេតការណ៍ស្ម័គ្រចិត្តឲ្យចូលលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទាំងពេលកន្លងមកនិងពេលនេះ។កាយវិការប្រកបដោយអត្ថន័យនេះបង្ហាញនៅឆន្ទៈដ៏មោះមុតក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់លើវិស័យអប់រំនិងពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយដែលជាធនធានមនុស្សសម្រាប់បន្តវេនសង្គមកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានេះ.អ.ប.ព.សូមថ្លែងអំណរគុណនិងកោតសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់ពេលវេលានៃយុវវ័យរបស់ខ្លួនមកបំពេញការងារស្ម័គ្រចិត្តដើម្បីឆ្លើយតបនឹងដំណើរការនៃកំណែទម្រង់លើវិស័យអប់រំសំដៅពង្រឹងនិងពង្រីកគុណភាពយុវជនជំនាន់ជំនាន់រួមគ្នា។យុវជនពិតជាធនធានដ៏មានតម្លៃកម្លាំងដ៏ខ្លាំងក្លាក្នុងការរុញច្រានការអភិវឌ្ឍសង្គមជាតិ។ដូច្នេះយុវជនត្រូវប្រើប្រាស់ភាពយុវវ័យរបស់ខ្លួនឲ្យមានប្រយោជន៍ដល់ខ្លួនគ្រួសារនិងសង្គមជាតិទាំងមូល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ