• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៨ ព្រឹក

ស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យជាករណីឃាតកម្ម

ភ្នំពេញ÷មានការភ្ញាក់ផ្អើលជាខ្លាំងទាំងកណ្ដាលថ្ងៃត្រង់កាលពីថ្ងៃទី 6 ខែធ្នូឆ្នាំ 2022 ស្ថិតនៅភូមិព្រៃវែងខាងកើតសង្កាត់ព្រៃវែងខណ្ឌដង្កោក្នុងខណ:ម្ចាស់ផ្ទះចុះមកស្រង់កុងទ័រទឹកភ្លើងក៏ស្រាប់តែប្រទះឃើញស្ត្រីម្នាក់ដែលជាអ្នកជួលផ្ទះបានដេកស្លាប់ក្នុងបន្ទប់ទាំងទ្វារចាក់សោពីខាងក្រៅ។សាកសពជនរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមសម្ដីម្ចាស់ផ្ទះជួលខាងលើបានប្រាប់ឲ្យដឹងថាស្ត្រីរងគ្រោះខាងលើមានអាយុប្រហែលជា 27 ឆ្នាំសម្បុរសទើបតែមកជួលបន្ទប់របស់គាត់ស្នាក់នៅបានរយៈពេល 3 ថ្ងៃប៉ុណ្ណោះនិងមានបុរសម្នាក់ទៀតវ័យកណ្ដាលសង្ស័យជាគូស្នេហ៍លួចលាក់នៅជាមួយ។លុះនៅពេលកើតហេតុរូបគាត់ជាម្ចាស់ផ្ទះជួលបានចុះមកស្រង់កុងទ័រទឹកភ្លើងតាមបន្ទប់ជួលនីមួយៗក៏ឃើញបន្ទប់របស់ស្ត្រីរងគ្រោះចាក់សោរបន្ទប់ជួលពីខាងក្រៅហើយមានក្លិនស្អុយសាយភាយចេញមកខាងក្រៅតែរូបគាត់ស្មានតែមានកណ្តុរងាប់ក្នុងបន្ទប់។ដោយមានការសង្ស័យរូបគាត់បានអើតមើលតាមបង្អួចក៏ប្រទះឃើញសាកសពនារីរងគ្រោះខាងលើដេកដណ្ដប់ភួយស្លាប់នៅលើកន្ទេលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ។បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃវែងបានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោនិងកម្លាំងជំនាញនគរបាលការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃការដ្ឋាននគរបាលរាជធានីភ្នំពេញបើកការស្រាវជ្រាវនិងធ្វើការពិនិត្យសាកសពស្ត្រីរងគ្រោះខាងលើនេះដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាតើការស្លាប់របស់ស្ត្រីរងគ្រោះខាងលើគឺជាករណីអ្វីឲ្យពិតប្រាកដពីព្រោះក្នុងបន្ទប់ជួលខាងលើក៏មានបុរសម្នាក់សង្ស័យជាប្រុសស្នេហ៍ក៏ធ្លាប់នៅជាមួយដែរតែពុំឃើញនៅទីតាំងកើតហេតុនិងម៉ូតូម៉ាក់ហុងដាវេ៉វមួយគ្រឿង ដែលជាម៉ូតូរបស់ប្រុសស្នេហ៍ស្ត្រីរងគ្រោះនៅក្នុងបន្ទប់ព្រមទាំងចាក់សោទ្វារបន្ទប់ជួលពីខាងក្រៅផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ