• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៦ ព្រឹក

យានយន្តអគ្គិសនីដែលបានចុះបញ្ជីគិតត្រឹមខែតុលាឆ្នាំ 2022 មានចំនួន 625 គ្រឿងកើនឡើងប្រហែល 582 %បើប្រៀបធៀបទៅនឹងឆ្នាំ2021

ភ្នំពេញលោកពៅម៉ាលីរដ្ឋលេខាធិកក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាស្ដីពីការប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍យានយន្អគ្គិសនី(Consultation Workshop on the Preparation of Draft Electric Vehicle Development policy)ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួងចំនួន 9 ស្ថាប័នតំណាងអភិបាលនៃគណៈអភិបាល25 រាជធានី-ខេត្តដៃគូអភិវឌ្ឍន៍មាន÷អង្គការUNDPធនាគារពិភពលោកនិងវិស័យឯកជនដូចជា÷Car4you,Onion Mobility,Very Words,Total Energyក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ UNESCAPនិងSMMR/GIZនៅថ្ងៃទី 5 ខែធ្នូឆ្នាំ 2022។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះលោករដ្ឋលេខាធិការបានគូសបញ្ជាក់ពីកំណើនចំនួនយានយន្តអគ្គិសនីដែលបានចុះបញ្ជីគិតត្រឹមខែតុលាឆ្នាំ 2022 ដែលមានចំនួនសរុប 625 គ្រឿងកើនប្រហែល582 %ប្រៀបធៀបទៅនឹងឆ្នាំ 2021។ទន្ទឹមជាមួយគ្នានេះរាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនបង្កើតនិងដឹកនាំក្រុមការងារអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្តគោលនយោបាយនិងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងនិងអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋលេខាធិការបានបន្ថែមថាថ្មីៗនេះក្រសួងបាននិងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនផែនទីចង្អុលផ្លូវបណ្ដាញស្ថានីយ៍បញ្ចូលជាថាមពលយានយន្តអគ្គិសនីដែលក្នុងនោះរួមមានការលើកទឹកចិត្តអ្នកប្រើប្រាស់យានយន្តអគ្គិសនីការចងក្រងឯកសារគតិយុត្តដើម្បីគាំទ្រការកំណត់យកបទដ្ឋានបច្ចេកទេសការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាការលើកទឹកចិត្តឲ្យមានការបង្គុំដំឡើងនិងផលិតយានយន្តអគ្គិសនីនៅកម្ពុជាជាដើម។

តំណាងអញ្ជើញមកពីអង្គការUNSCAPបានធ្វើបទបង្ហាញអំពីសកម្មភាពការងាររបស់ខ្លួនទាក់ទងទៅនឹងចល័តភាព(E-mobility)ករណីសិក្សាកន្លងមកនិងបទពិសោធន៍សម្រាប់ការរៀបចំចងក្រងសេចក្តីព្រាងគោលនយោបាយនេះ។

សូមជម្រាបជូនថាកម្មវិធីសិក្ខាសាលានេះបានរួមបញ្ចូលវគ្គពិភាក្សាលើការផ្ដល់ធាតុចូលសំខាន់ៗដើម្បីរៀបចំគោលនយោបាយយានយន្តអគ្គិសនីសម្រាប់កម្ពុជាសង្វាក់តម្លៃយានយន្តអគ្គិសនីវិធានការអនុវត្តគោលនយោបាយយានយន្តអគ្គិសនីនិងការឆ្លើយកម្រងសំណួរ។

ជាលទ្ធផលអង្គសេដ្ឋាសាលាបានចូលរួមពិភាក្សាផ្លាស់ប្ដូរគំនិតយោបល់យ៉ាងផុសផុលសំដៅជំរុញឲ្យការរៀបចំចងក្រងសេចក្តីព្រាងគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពប្រសិទ្ធផលសុខរដ្ឋភាពនិងនិរន្តភាពក្នុងគោលដៅលើកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ