• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១១ ព្រឹក

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បើកកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីប្រព័ន្ធ Hot Line ការបំពេញបែបបទអេឡិចត្រូនិច និងការស៊ើបអង្កេតលើករណីជនបរទេសប្រើប្រាស់លិខិតឆ្លងដែនដែលមានចុះទិដ្ឋាការ និងត្រាក្លែងក្លាយ

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូ  ឆ្នាំ២០២២នេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ  អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីប្រព័ន្ធ Hot Line ការបំពេញបែបបទអេឡិចត្រូនិច និងការស៊ើបអង្កេតលើករណីជនបរទេសប្រើប្រាស់លិខិតឆ្លងដែនដែលមានចុះទិដ្ឋាការ និងត្រាក្លែងក្លាយ។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ និងមន្រ្តីជំនាញផ្នែកព័ត៌មានវិទ្យា។ជាកិច្ចចាប់ផ្ដើម លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានកោតសសើរ ដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងកន្លងមក ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងជនបរទេស ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះឡើង។ លោកបានបញ្ជាក់ថាប្រព័ន្ធ Hot line របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ បានចងក្រងឱ្យមានបីស្ថានប័នចូលរួម មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ លោកក៏បានណែនាំឲ្យក្រុមការងារធ្វើការ រៀបចំក្រុមបច្ចេកទេស, ក្រុម Hot Line និងក្រុមស្រាវជ្រាវ ដើម្បីចងក្រង ដោះស្រាយបញ្ហាដែលនៅសេសសល់ និងធ្វើឲ្យមានលក្ខណៈឲ្យកាន់តែល្អប្រសើរឡើង។បន្ទាប់មក លោក ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានធ្វើសេចក្តីរាយការណ៍ ជម្រាបជូនអគ្គនាយកអន្តោប្រវេសន៍ អំពីវឌ្ឍនភាពនៃបច្ចេកទេស និងកិច្ចការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ក្នុងរយៈពេលកន្លងមក និងបានលើកឡើង អំពីការខ្វះចន្លោះ ដូចជាបញ្ហាបច្ចេកទេសមួយចំនួនដែលត្រូវធ្វើការកែលម្អរនិងធ្វើឲ្យទំនើបបន្ថែមទៀត ។

បន្ទាប់ពីស្តាប់លទ្ធផលនៃកិច្ចប្រតិបត្តិការក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការងារគ្រប់គ្រងជនបរទេសតាមប្រព័ន្ធនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំក៏ដូចជាក្រុមការងារ ដោយកោតសរសើរអំពីលទ្ធផលកិច្ចប្រតិបត្តិការនេះ និងបានជំរុញដល់ក្រុមការងារ បន្តធ្វើយ៉ាងណា ត្រូវរៀបចំផែនការការងារមួយនេះឱ្យបានច្បាស់លាស់ ក៏ដូចជាបញ្ហាបច្ចេកទេសកាន់តែសុក្រិត្យដើម្បីប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រង ផ្ដល់ព័ត៌មាន និងជូនដំណឹងទៅជនបរទេសអន្តោប្រវេសន៍តាមប្រព័ន្ធ  Hot line នាពេលខាងមុខនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ជាចុងបញ្ចប់លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ  ក៏បានបញ្ជាក់ផងដែរថា គោលបំណងសំខាន់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការប្រើប្រាស់ប្រព័ន្ធ Hot line នេះគឺដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជាឲ្យបានច្បាស់លាស់ និងជួយសម្រួលបញ្ហាប្រឈមមួយចំនួនរបស់ជនបរទេសអន្តោប្រវេសន៍ ឱ្យមានប្រសិទ្ធភាព ដែលជាការចូលរួម ក្នុងការអភិវឌ្ឍន៍ និងការថែរក្សាសន្តិសុខ សុខភាព សុវត្ថិភាពរបស់ជាតិមាតុភូមិ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ