• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤១ ព្រឹក

កម្ពុជា នាំចូលប្រេងឥន្ធនៈក្នុងតម្លៃទឹកប្រាក់ជិត ១ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែឆ្នាំនេះ កើនឡើងជាង ៥៧%

ប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ធនៈក្នុងតម្លៃទឹកប្រមាណ ៩៧១លានដុល្លារ នៅក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២ បានកើនឡើង ៥៧,៣៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ នេះបើយោងតាមតួលេខផ្តល់ដោយក្រសួងពាណិជ្ជកម្ម។នៅក្នុងតួលេខដដែលនេះបានបង្ហាញថា នៅចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បាននាំចូលប្រេងសាំងគិតជាទឹកប្រាក់ប្រមាណ ៣៤១លានដុល្លារ បានកើនឡើង ១០៣,១១ភាគរយ។ ចំណែកប្រេងម៉ាស៊ូត មានតម្លៃទឹកប្រាក់ប្រមាណ ៦២៩លានដុល្លារ បានកើនឡើង ៤០,២០ភាគរយ។

ប្រទេសកម្ពុជាបាននាំចូលប្រេងពីក្រៅប្រទេសទំាងស្រុងដើម្បីបំពេញតម្រូវការក្នុងស្រុកដោយសារកម្ពុជាមិនទាន់មានរោងចក្រផលិត និងកែច្នៃប្រេងនៅក្នុងប្រទេសនៅឡើយ។បច្ចុប្បន្ននេះកម្ពុជា បាននាំចូលប្រេងពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។

ការកើនឡើងនៃតម្លៃប្រេងនាំចូលនាពេលនេះបណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិដែលកើតចេញពីការសង្គ្រាមលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ ក្នុងមួយលីត្រ។

ដូច្នេះ ធ្វើឲ្យថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២នឹងចុះមក ៥.៨០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៦.៣០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

តាមការប៉ាន់ប្រមាណប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ធនៈចន្លោះពីជាង ២លានតោន ទៅ៣លានតោន ក្នុងមួយឆ្នាំ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ