• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៩ ព្រឹក

ក្រសួងបរិស្ថានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបរិស្ថានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើម នៃបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុ វត្តច្បាប់នៃអង្គភាពចំណុះក្រសួង ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់នៃក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីនគរបាលយុត្តិធម៌ និង មន្ត្រីអនុវត្តច្បាប់ប្រមាណ ១០០នាក់។ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ មានតួនាទី សំខាន់ក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនានាក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវរកម្ម។ ឯកឧត្តមបានគូសបញ្ជាក់សារៈសំខាន់នៃការ ពង្រឹងសមត្ថភាព មន្ត្រីនគរបាលយុត្តិធម៌និង មន្ត្រីអនុវត្តច្បាប់ក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្ប ទានដែលនាំឱ្យរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ។ 

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានចូលរួម យ៉ាងសកម្មជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់។ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថានបានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពី តំបន់ ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធី ប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។ នៅចំពោះមុខមន្ត្រីនគរបាលយុត្តិ ធម៌និងមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាមន្ត្រីនគរបាល យុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញ ថាបទល្មើសដើមនៃបទល្មើសព្រៃឈើនិងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាត ប្រាក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះបទ ល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលយើង ចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប។ ឯកឧត្តមបានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្ត ច្បាប់ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ និងប្រកបដោយការទទួល ខុសត្រូវនិងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនិងជាពិសេស ទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។ 

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថាក្រោមសុខសន្តិភាពនិងស្ថិរភាពនយោបាយ និងការ ការពារនិងអភិរក្សធនធានធម្មជាតិល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូន។នេះគឺជារបត់ថ្មីដ៏សំខាន់មួយដែល កម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួល ចំណូលពីការ អភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបាន ប្រាក់ចំណូលមកជាប្រទេសដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួនក្រោម ទិសស្លោក «រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ។ កាលដែលកម្ពុជា ទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើ ឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយ យុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ