• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០៨ ព្រឹក

ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំអន្តរក្រសួងបន្តពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា

ភ្នំពេញ÷តាមប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា នៅព្រឹក ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ាក្រោមអធិបតីភាពលោកប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ាការផ្តល់គោរមងារឧកញ៉ានិងការដកហូតគោរមងារឧកញ៉ា។នាឱកាសនោះ លោកប៊ុន ហុន ប្រធានក្រុមការងារអន្តរក្រសួង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ានេះ បានធ្វើឡើង ចំនួន៤លើក រួចមកហើយ ដោយអង្គប្រជុំបានពិនិត្យ និងពិភាក្សាសម្រេចបានចំនួន៣ជំពូករួមមានជំពូកទី១ ទី២ និងទី៣ នៃសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ហើយកិច្ចប្រជុំថ្ងៃនេះ នឹងបន្តពិនិត្យពិភាក្សា លើជំពូក៤ដល់ជំពូក៧ ជាបន្តទៀត។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ាមានចំនួន១០ជំពូក និង២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គល ជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកញ៉ា នៅព្រះរាជាណាចក្រកម្ពុជា។

សូមរម្លឹកដែរថា ក្រុមការងារអន្តរក្រសួងនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ដើម្បីសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពចំនួន១២រូប។ ក្នុងនោះមានលោកប៊ុនហុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងអនុប្រធាន១រូបព្រមទាំងសមាជិកចំនួន១០រូបដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

ក្រុមការងារនេះ មានភារកិច្ចសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ា ក្នុងការចូលរួមកិច្ចការសង្គមធ្វើការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាល ថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន បម្រើឲ្យការរៀបចំបែបបទនិងនីតិវិធី នៃការគ្រប់គ្រង ឧកញ៉ា ការស្នើសុំផ្តល់គោរមងារ ឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារ ឧកញ៉ា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ