• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៥ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលឆ្នាំ២០៣៥

រាជធានីភ្នំពេញ គឺជាដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ អ្វីដែលជាការកត់សម្គាល់ភ្នំពេញបានកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងបានពង្រីកភូមិសាស្ត្រកាន់តែធំ ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានគិតគូរពីប្លង់គោលសម្រាប់បច្ចុប្បន្នភាព និងឆ្ពោះទៅឆ្នាំ២០៣៥ផងដែរ ដើម្បីងាយស្រួលគ្រប់គ្រងផែនការ និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ខណៈអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីភ្នំពេញឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្តដែលបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការអភិវឌ្ឍរាជធានីភ្នំពេញ ត្រូវធ្វើឡើងទៅតាមប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ ជាមួយនឹងការកែប្រែប្លង់គោលនេះមួយចំនួនឡើងវិញ ដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿន។ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ គឺលើកយកតែ ប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ប៉ុណ្ណោះ ដែលយកមកប្រជុំពិភាក្សា និងលើកទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ។

ឯកឧត្តម ឃួង ស្រេង បានណែនាំថា សម្រាប់ភូមិបាលខណ្ឌត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចជាសំណង់ផ្សេងៗ។ ខណ្ឌមួយចំនួនបានរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលជំនាញត្រូវសិក្សាពីប្លង់មេឱ្យបានច្បាស់ ហើយរយៈពេល៨ឆ្នាំ ទៅ១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន។ មន្ទីរជំនាញ អភិបាលខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់លើប្លង់គោល ដោយជៀសឱ្យបានពីការរំលោភទៅលើប្លង់គោលឆ្នាំ២០៣៥នេះ។គួរបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំនុចពិសេស នៃប្រសព្វទន្លេបួន ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រគួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយគុណភាព បរិស្ថានរស់នៅល្អប្រសើរ សុខុដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ