• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០១ ព្រឹក

ប្រតិភូ អន្តរជាតិជាង ១៧ ប្រទេស នឹងទៅទស្សនាគោលដៅ តំបន់ឆ្នេរសមុទ្រ កម្ពុជា

នៅ​ក្នុង​ «​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​ជាង​គេ​លើ​សកល​លោក» នា​ខេត្ត​ព្រះសីហនុ​ខាងមុខ​​នេះ​ កម្ពុជា​នឹង​ដឹង​នាំ​ប្រតិភូ​អន្តរជាតិ​ប្រមាណ​ជាង ១២០​ នាក់​មកពីជាង ១៧ប្រទេស ទៅទស្សនកិច្ច​គោលដៅ​តំបន់ឆ្នេរសមុទ្រ​កម្ពុជាក្នុង​គោលបំណងបង្អួត​គោលដៅ​ទេសចរណ៍​ និង​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ពិភព​លោក​តាម​រយៈ​ព្រឹត្តិការណ៍​​នេះ​។​ក្នុង​ឱកាស​កិច្ច​ប្រជុំ​ត្រៀម​រៀបចំ​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​ជាងគេ​នៅ​លើ​ពិភព​លោក និង​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ម្សិល​មិញ​នេះ លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​ជំរុញ​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ក៏​បាន​គូស​បញ្ជាក់​ថា ​គោលដៅ​សំខាន់ៗ​ដែល​គ្រោង​នឹង​រៀប​ចំ​ទស្សនកិច្ច​ជូន​ប្រតិភូ​អន្តរជាតិ​រួមមាន​ កោះរុង កោះ​ឋានសួគ៌ កោះ​សង្សារ កោះ​ក្របី កោះ​ឫស្សី សហគមន៍​អេកូទេសចរណ៍​ពាម​ក្រសោបនៅ​ខេត្ត​កោះកុង ក៏​ដូច​ជា​ឆ្នេរ​សមុទ្រ​នានា​នៅ​ខេត្ត​ព្រះសីហនុ​។ ​

លោកប្រធាន​នាយកដ្ឋានក៏​បាន​បន្ត​ថា ប្រតិភូ​ដែល​​នឹង​មក​ចូលរួម​ក្នុង​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​ជាង​គេ​លើ​សកល​លោក​នេះ មក​ពី​ប្រទេស​វៀតណាម ថៃ ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ហ្វីលីពីន អ៊ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ កាណាដា ប្រេស៊ីល ម៉ារ៉ុក កូឌីវ័រ ម៉ូសំប៊ិក សេណេហ្គាល់ អង់ហ្គោឡា និង​ប្រទេស​ក្នុង​តំបន់​សមុទ្រ​ការី បង់ (Caribbean Sea)។លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ជំរុញ​ក្រុម​ការងារ​បច្ចេកទេស​ ត្រូវ​រៀប​ចំ​ឱ្យ​មាន​ទស្សនកិច្ច​ទៅ​កាន់​គោលដៅ​ទេសចរណ៍​ប្រណិត​ តាម​គោល​ដៅ​ឆ្នេរ​សមុទ្រ កោះ និង​សហគមន៍​អេកូទេសចរណ៍។ លើស​ពី​នេះ​ទៀត លោក​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើក​ឡើង​បន្ត​ថា «​ក្នុង​ដំណាក់​កាល​នៃ​ការ​ស្តារ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​ជំងឺ​កូវីត​១៩ គឺ​មាន​តែ​គោល​ដៅ​ឆ្នេរ​សមុទ្រ កោះ និង​សហគមន៍​អេកូទេសចរណ៍​ទេ​ ដែល​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ទាក់ទាញ​ និង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ជាង​គេ»។ មិន​តែ​ប៉ុណ្ណោះ ប្រសិន​បើ​កម្ពុជា​ រៀប​ចំ​ទស្សនកិច្ច​ទៅ​កាន់​គោលដៅ​ទេសចរណ៍​បាន​ល្អ​ប្រសើរ នោះ​នឹង​ជួយ​ផ្សព្វ​ផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ទាំង​មូល​យ៉ាង​ប្រសើរ​បំផុត ព្រោះ​កម្ម​វិធី​នេះ​ ជា​ឱកាស​ពិសេស​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ព្រម​ទាំង​ជួយ​បង្កើន​ការ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់​​តែ​ច្រើន​មួយ​កម្រិត​ទៀត។

គួរ​ជម្រាប​ថា ព្រឹត្តិការណ៍​នៃ​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ពិធីបុណ្យ​សមុទ្រនឹង​​ធ្វើ​ឡើង​ចាប់​​ពី​ថ្ងៃ​ទី​ ៩-១៤ ខែ​ធ្នូ ឆ្នាំ​២០២២​ ខាង​មុខ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ