• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥១ ព្រឹក

ក្រសួងសាធារណការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី និងគ្រោងដំឡើងជាង២០០ទីតាំងទៀតនៅទូទាំងប្រទេស

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី តាម រយៈ គម្រោង “ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” ។ជាកិច្ចចាប់ផ្តើមនៃកម្មវិធី កាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះគម្រោង “ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” តាមរយៈចំណាប់ អារម្មណ៍ ដែលមានខ្លឹមសារជាអាទិ៍ថា ដោយសង្កេតឃើញពីកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យដឹកជញ្ជូននៅក្នុងទីក្រុង ដែលនាំឱ្យកំណើនយានយន្តកាន់តែមានការកើនឡើងមួយឆ្នាំទៅមួយឆ្នាំ មិនថា តែ យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ និងយានយន្តអគ្គិសនីនោះទេ។ ហេតុនេះហើយ ដើម្បីចូលរួមចំណែកក្នុងការប្តេជ្ញាចិត្ត និងមហិច្ឆតាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ការជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនី បន្ថែម ក៏ដូចជាការបង្កើនប្រសិទ្ធភាពប្រេងសម្រាប់រថយន្ត គឺជាចំនុចគន្លឹះយ៉ាងសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ និងសហការគ្នា។តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) រាជរដ្ឋាភិបាលកម្ពុជាបានដាក់ការតាំងចិត្តខ្ពស់ចំពោះការបញ្ជ្រាបការប្រើប្រាស់រថយន្តអគ្គិសនីឱ្យមានការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន ៤០% នៅត្រឹមឆ្នាំ២០៥០។ លោកជំទាវអនុរដ្ឋលេខាធិការ បានបន្ថែមថា ភាពជោគជ័យនៃការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូននេះអាចជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាយើង ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការដឹកនាំ និងជំរុញចលនាការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននាពេលអនាគត។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីកំណើនការចុះបញ្ជីយានយន្តអគ្គិសនីក្នុងរយៈពេល ១០ខែចុងក្រោយ គឺមានការកើនឡើងជាង១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនីគួរឱ្យកត់សម្គាល់នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចសហការកន្លងមករបស់រាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍន៍នានា រួមមាន៖ (១)កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានផ្តល់ម៉ាស៊ីនបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៤គ្រឿង (២) ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់នូវសម្ភារបិក្ខារ ដំបូលសូឡា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដោយបំពាក់ម៉ាស៊ីនបញ្ចូលថាមពលអគ្គិសនីចំនួន ៣គ្រឿង មានដៃបញ្ចូលថាមពលអគ្គិសនីចំនួន៦ មានទីតាំងស្ថិតក្នុងទីស្ដីការក្រសួង ដែលធ្វើការសម្ពោធក្នុងឱកាសនេះផ្ទាល់។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងឱកាសនេះក៏មានការប្រគល់ទទួលនូវយានយន្តអគ្គិសនីពីស្ថាប័នផ្សេងៗ ដែលរួមមាន៖ (១)កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានផ្តល់ជូនម៉ូតូអគ្គិសនីចំនួន ៣០គ្រឿង (២)ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួន ២គ្រឿង និង (៣) ក្រុមហ៊ុន BYD បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួន ១គ្រឿង ហើយជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនដៃគូចំនួន ៤គ្រឿងបន្ថែមទៀតផងដែរ។ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យមានការកើនឡើង ក្រសួងបាន និងកំពុងខិតខំស្វះស្វែងរកដៃគូសហការក្នុងការដំឡើងបន្ថែមនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានច្រើននៅទូទាំងប្រទេស ហើយក៏លើកទឹកចិត្តវិស័យឯកជនចូលរួមឱ្យបានច្រើន ជាក់ស្តែងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈកាល់តិច ក៏បានដំឡើងស្ថានីយបញ្ចូលថាម ពលយានយន្តអគ្គិសនីរបស់ខ្លួន បាន១ទីតាំងផងដែរ។ ថ្មីៗនេះដែរ បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រុមហ៊ុន EV Energy Tech គ្រោងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០ទីតាំងបន្ថែមទៀត ហើយចំពោះក្រុមហ៊ុន BYD គ្រោងនឹងដំឡើងចំនួន ២០០ទីតាំងនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៣ផងដែរ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ