• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៦ ព្រឹក

រាជរដ្ឋាភិបាលចែកអំណោយស្បៀងអាហារដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម និងស្រុកកំពង់សៀម ដែលមានជីវភាពខ្វះខាត ចំនួនសរុប ៨០០គ្រួសារ

កំពង់ចាម៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលមូលដ្ឋាន  នៅក្នុងពិធីសំណេះសំណាល និងចែកអំណោយស្បៀងអាហារ របស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួនសរុប ៨០០គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋនៅក្រុងកំពង់ចាម ចំនួន ៤០០គ្រួសារ និងស្រុកកំពង់សៀម ចំនួន ៤០០គ្រួសារ ហើយពិធីនេះ បានរៀបចំនៅបរិវេណ វត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ។ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា «ការចែកស្បៀងអាហារ របស់រដ្ឋាភិបាល ដល់បងប្អូនប្រជាពលរដ្ឋ នាពេលនេះ គឺជាការរួមសុខទុក្ខ ជាមួយគ្នា ពោលគឺ ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងមិនរត់ចោលគ្នា នោះឡើយ» ។ជាក់ស្ដែង ដូចជាក្នុងបរិបទជម្ងឺកូវីដ ១៩ អស់រយៈពេល ២ឆ្នាំ ដែលយើងពិតជាមានការលំបាកខ្លាំងណាស់ ទាំងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺយើងបានរួមគ្នា ដើម្បី ចូលរួមទប់ស្កាត់កុំឲ្យជំងឺនោះ ឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ហើយពេលនោះ ក្រុមអាជ្ញាធរក៏បានខិតខំដោះស្រាយស្បៀងអាហារនានា ដើម្បី ចែកជូនដល់បងប្អូន នៅពេលដែលមានការបិទខ្ទប់ ឬអ្នកដែលបានឆ្លងជំងឺនោះ ផងដែរ ។ ប៉ុន្តែ ជាគ្រោះអកុសល បន្ទាប់ពីប្រជាពលរដ្ឋយើង បានធូរស្រាលពីជំងឺកូវីដ ១៩ ក៏មកជួបប្រទះនឹងគ្រោះទឹកជំនន់ ។ ដូច្នេះហើយ  ទើបអាជ្ញាធរ នៅតែបន្តធ្វើការដោះស្រាយនូវបញ្ហានេះ ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ ។ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា ចំពោះ បងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ ត្រូវបានទទួលការឧបត្ថម្ភ ជាថវិកាពីរាជរដ្ឋាភិបាល ជាប្រចាំខែ ផងដែរ ដោយកិច្ចការនេះ រដ្ឋាភិបាលមិនទាន់បញ្ចប់ នៅឡើយទេ បើទោះបីជាបច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ បានធូស្រាលទៅហើយក្តី ។ ក្រៅពីនោះ  រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្តលើកម្មវិធីគាំពារសង្គម ដោយថ្មីៗនេះ មានកម្មវិធីថ្មី ២ បន្ថែមទៀត នៃផ្នែកសង្គមកិច្ច និងផែនការ គឺ ៖ ទី១.ដោះស្រាយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដោយទឹកជំនន់ ។ និងទី២.ដោះស្រាយដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវអតិផរណា ដោយសារមានសង្គ្រាម នៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ការប៉ះពាល់ដល់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ។
គូសបញ្ជាក់ថា អំណោយស្បៀងអាហារ របស់រដ្ឋាភិបាលកម្ពុជា ដែលឯកឧត្ដម អភិបាលខេត្ត នាំទៅចែកជូនប្រជាពលរដ្ឋទាំង ៨០០គ្រួសារ ខាងលើ ក្នុង ១គ្រួសារទទួលបាន ៖ អង្ក ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ ផងដែរ ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ