• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៣ ព្រឹក

សម្តេចតេជោ ហ៊ុន សែន អះអាងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាពេលនេះ គឺល្អជាងពេលណាណាទាំងអស់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Gregory Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក។   លោក ហ្គិហ្គោរី មីក ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក គោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ខណៈដែលពិភពលោកមានភាពតានតឹងអំពីភូមិសាស្ត្រនយោបាយ។ លោកក៏បានបន្ថែមថា លោកសង្កេតឃើញកម្ពុជាបានដឹកនាំកិច្ចប្រជុំបានយ៉ាងជោគជ័យ ដែលសបញ្ជាក់ពីភាពដឹកនាំដែលអ្នកដទៃទៀតពិបាកធ្វើដូច។   លោកក៏បានជម្រាបសម្តេចបន្ថែមថា ដំណើររបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដើម្បីចូលរួមកិច្ចប្រជុំអាយប៉ា ហើយក៏ដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកកន្លងទៅ តាមរយៈការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការជួយចូលរួមប្រជុំអាយប៉ា ។  

លោកក៏បានជម្រាបសម្តេចតេជោថា អនុប្រធានាធិបតីអាមេរិក ក៏បានបង្ហាញការរីករាយយ៉ាងខ្លាំងផងដែរ ពេលដែលរូបលោកបានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ដែលបង្ហាញពីជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកនិង ផ្នែកនីតិប្បញ្ញត្តិ និងប្រតិបត្តិ ។   សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន ហើយរៀបចំឲ្យមានកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិកផង និងមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផង ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះបានរៀបចំឲ្យមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិននៅទីក្រុងអង្គរ ខេត្តសៀមរាបទៀតផង ។   ពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺល្អជាងពេលណាណាទាំងអស់ ហើយសហរដ្ឋអាមេរិកមានស្ថានទូតដ៏ល្អមួយនៅប្រទេសកម្ពុជា ។

សម្តេចបន្តថា ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរវិញមានការកើនឡើងប្រមាណ១៨ភាគរយជាមួយនឹងវត្តមានក្រុមហ៊ុនFord និងក្រុមហ៊ុន ជីអ៉ី ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅកម្ពុជា។   សូមជម្រាបថា លោក Gregory Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក បាន និងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) ដែលរៀបចំដោយរដ្ឋសភាកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ