• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១០ ព្រឹក

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនស្មៀនសង្កាត់តាខ្មៅទៅតុលាការ ក្រោយរកឃើញកិបកេង ប្រាក់ជាង ៦០លានរៀល

នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២២នេះ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានបញ្ជូនខ្លួនស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា ករណីស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង ៦០លានរៀល ទៅតុលាការខេត្តកណ្តាលហើយ។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានធ្វើការសាកសួរ និងសម្រេចធ្វើការ ចោទប្រកាន់ពីបទ "ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ " តាមមាត្រា៥៩៧ ,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅលោកចៅក្រមស៊ើបសួរចំណាត់ការបន្តរតាមនីតិវិធីច្បាប់។

សូមរំលឹកថា កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ សុផា ត្រូវបានកម្លាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល និងកងកម្លាំងពាក់ព័ន្ធ បានឃាត់ខ្លួនករណីស៊ីដាច់លុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធជំងឺកូវីដ-១៩ ដែលប្រព្រឹត្តនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណាត់ការនេះ ក្រោយពាក្យបណ្តឹងរបស់ឈ្មោះ ជុំ ចិន្តា កាន់បណ្ណសមធម៌លេខ 08110403-0086 ក្រុមការងារបានពិនិត្យស្រាវជ្រាវក្នុងប្រព័ន្ធរបស់ក្រសួងឃើញថា បណ្ណសមធម៌របស់ឈ្មោះ ជុំ ចិន្តា គឺបានបើកប្រាក់ជាបន្តបន្ទាប់១៦ខែរួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០ រៀល ស្មើនឹងទឹកប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មកក្រុមការងារបានរកឃើញបន្ថែមនូវបណ្ណសមធម៌ ចំនួន ១៩ បណ្ណទៀត ដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់ឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធីក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលសរុបទាំង ២០ បណ្ណមានទឹកប្រាក់ចំនួន ៧០.៩៨៨.០០០ រៀល ។

តាមចម្លើយរបស់ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានសារភាពថា ខ្លួនពិតជាបានធ្វើការផ្ទៀងផ្ទាត់, រក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងបណ្ណសមធម៌ជូនម្ចាស់ ដើមពិត ប្រាកដមែន។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ